Connect with us

យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន

ទោះបីជាយើងខំញ៉ាំប្រូតេអ៊ីន ផ្លែឈើ និងបន្លែពេញមួយថ្ងៃក៏ដោយ ក៏នៅតែឃ្លាននៅពេលយប់។ ការញ៉ាំពេលយប់អាចនឹងមិនមែនជាវិធីល្អក្នុងការសម្រកទម្ងន់។ ប៉ុន្តែមានអាហារសម្រន់មួយចំនួនមិនប៉ះពាល់ដល់របបអាហារទេ ហើយនៅជួយឲ្យគេងលក់ស្រួលថែមទាំងជួយរក្សាទម្ងន់ទៀត។
១. ផ្លែប៉ោម និងបឺរសណ្ដែក (peanut butter)
គ្នាយើងអាចយកផ្លែប៉ោមមួយផ្លែចិតជាចំណិត និងជ្រលក់នឹងបឺរសណ្ដែកមួយស្លាបព្រាកាហ្វេ។ ជាតិសរសៃក្នុងផ្លែប៉ោម និងខ្លាញ់ល្អក្នុងបឺរសណ្ដែកអាចជួយឲ្យមានអារម្មណ៍ឆ្អែតពេញមួយយប់។
ក្នុងការញ៉ាំម្តងអាហារសម្រន់ប្រភេទនេះបានផ្តល់ ២០០កាឡូរី ខ្លាញ់៨ក្រាម កាបូអ៊ីដ្រាត២៨ក្រាម ស្ករ១៩ក្រាម សូដ្យូម៥៥មីល្លិក្រាម ជាតិសរសៃ៥ក្រាម និងប្រូតេអ៊ីន៤ក្រាម។
២. គ្រាប់អាល់ម៉ង់រសជាតិវ៉ាសាប៊ិ (Wasabi almonds)
គ្រាប់អាល់ម៉ង់គឺសំបូរដោយប្រូតេអ៊ីន ជាតិសរសៃ selenium និងម៉ាញ៉េស្យូម។ ប្រូតេអ៊ីន និងជាតិសរសៃជួយឲ្យយើងឆ្អែត រីឯម៉ាញ៉េស្យូមជួយឲ្យគេងលក់ស្រួល។ ការជ្រើសរើសរសជាតិវ៉ាសាប៊ិជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែត។
ក្នុងការញ៉ាំម្ដងអាហារនេះផ្តល់ ១៧០កាឡូរី ខ្លាញ់១៥ក្រាម កាបូអ៊ីដ្រាត៦ក្រាម ស្ករ២ក្រាម សូដ្យូម១១៥មីល្លិក្រាម ជាតិសរសៃ៣ក្រាម និងប្រូតេអ៊ីន៦ក្រាម។
៣. ផ្លែឈឺរីក្រៀម
ផ្លែឈឺរីក្រៀមផ្តល់ melatonin ដែលអាចជួយដល់ដំណេកឲ្យកាន់តែល្អឡើង។ គួរញ៉ាំមួយភាគបីនៃពែងមុនចូលគេង។
ក្នុងការញ៉ាំផ្លែឈឺរីក្រៀមម្ដងក្នុងបរិមាណខាងលើផ្តល់ ១០០កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៤ក្រាម ស្ករ១៩ក្រាម សូដ្យូម១០មីល្លិក្រាម ជាតិសរសៃ១ក្រាម និងប្រូតេអ៊ីន១ក្រាម។
៤. គ្រាប់ជីរ និងយ៉ាអ៊ួក្រិចអត់ជាតិខ្លាញ់ (Nonfat Greek Yogurt)
យ៉ាអ៊ួ ក្រិចគឺប្រភពនៃប្រូតេអ៊ីន និងជាតិសរសៃ ហើយបើបន្ថែមគ្រាប់ជីរមួយស្លាបព្រាកាហ្វេអាចបន្ថែមជាតិដែក និងជាតិសរសៃ។ នេះជាអាហារសម្រន់ពេលយប់ដែលជួយដល់សុខភាព។
ក្នុងការញ៉ាំម្ដងផ្ដល់ ១៦០កាឡូរី ខ្លាញ់៣ក្រាម កាបូអ៊ីដ្រាត២០ក្រាម ស្ករ៧ក្រាម សូដ្យូម៦៥មីល្លិក្រាម ជាតិសរសៃ៥ក្រាម និងប្រូតេអ៊ីន១៥ក្រាម។

៥. ផ្លែចេក និងគ្រាប់ផ្កាឈូករ័ត្ន
ផ្លែចេកមួយផ្លែ និងគ្រាប់ផ្កាឈូករ័ត្នមួយក្តាប់ដៃអាចជួយឲ្យយើងឆ្អែត និងគេងលក់ស្រួល ព្រោះរបស់ពីរនេះ សំបូរដោយខ្លាញ់ល្អ tryptophan ដែលជាអាស៊ីតអាមីណូជួយរាងកាយបង្កើតនូវអរម៉ូន melatonin។
ក្នុងការញ៉ាំម្ដងអាហារនេះផ្តល់ ១៥០កាឡូរី ខ្លាញ់៤,៥ក្រាម កាបូអ៊ីដ្រាត២៩ក្រាម ស្ករ១៥ក្រាម ជាតិសរសៃ៤ក្រាម និងប្រូតេអ៊ីន៣ក្រាម។
៦. Cereal និងទឹកដោះគោគ្មានជាតិខ្លាញ់ (skim milk)
Cereal នេះមិនមែនជាអាហារពេលព្រឹកប៉ុណ្ណោះទេ។ គួរជ្រើសរើស cereal ណាដែលមានជាតិស្ករតិច និងសំបូរដោយប្រូតេអ៊ីន និងជាតិសរសៃ។ ការញ៉ាំ Cereal ជាមួយនឹងទឹកដោះគោគ្មានខ្លាញ់ជាអាហារសម្រន់ពេលយប់ដ៏ល្អមួយ។
ក្នុងការញ៉ាំម្ដងអាហារនេះផ្ដល់ ១១៥កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៣ក្រាម ស្ករ៧ក្រាម សូដ្យូម១២៨ក្រាម ជាតិសរសៃ៣ក្រាម និងប្រូតេអ៊ីន៦ក្រាម។
៧. កូនការ៉ុតតូចៗ
កូនការ៉ុតអាចញ៉ាំពេលយប់បានព្រោះមានកាឡូរីទាបតែសំបូរដោយជាតិសរសៃ ដូចនេះអាចញ៉ាំបួនប្រាំម៉ើមតូចៗ គឺជួយឲ្យយើងឆាប់ឆ្អែតជាងញ៉ាំពពួកនំដំឡូងកញ្ចប់។
ក្នុងការញ៉ាំម្តងផ្តល់ ៤០កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត១០ក្រាម ស្ករ៦ក្រាម សូដ្យូម៩៥មីល្លិក្រាម ជាតិសរសៃ៣ក្រាម និងប្រូតេអ៊ីន១ក្រាម។
៨. ផ្លែសារី និងឈីស
ឈីសសំបូរដោយកាល់ស្យូម រីឯផ្លែសារីសំបូរដោយជាតិសរសៃ និងវីតាមីន C។ ឈីសអាចជួយបន្ថែមរសជាតិឲ្យផ្លែសារី។
ក្នុងការញ៉ាំម្តងផ្តល់ ១៩០កាឡូរី ខ្លាញ់៩ក្រាម កាបូអ៊ីដ្រាត២១ក្រាម ស្ករ១៤ក្រាម សូដ្យូម១៨១មីល្លិក្រាម ជាតិសរសៃ៥,៥ក្រាម និងប្រូតេអ៊ីន៧ក្រាម។
៩. ផ្លែបឺរី និងយ៉ាអួក្រិចគ្មានខ្លាញ់
ដូចបានរៀបរាប់ពីខាងលើ យ៉ាអួក្រិចសំបូរដោយប្រូតេអ៊ីន។ យ៉ាអួនេះអាចញ៉ាំជាមួយផ្លែបឺរី កកបាន។ ផ្លែបឺរីគឺសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ហើយនៅជួយបន្ថែមរសជាតិដល់យ៉ាអួផងដែរ។
ក្នុងការញ៉ាំម្ដងផ្តល់ ១៣៥កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៤ក្រាម ស្ករ១២ក្រាម សូដ្យូម៧២មីល្លិក្រាម ជាតិសរសៃ១,៥ក្រាម និងប្រូតេអ៊ីន១២ក្រាម៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com