Connect with us

របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ

វត្ថុប្រើប្រាស់ក្នុងផ្ទះដែលប្រើញឹកញាប់មួយចំនួន ជាចំណែកនាំឱ្យយើងមានផាសុខភាព ប្រសិនបើសម្អាតបានស្អាតល្អ។ ការឧស្សាហ៍សម្អាតជាប្រចាំ ក៏ព្រោះថា វត្ថុទាំងនោះតែកាលណាទុកចោលមិនសម្អាត នឹងក្លាយជាកន្លែងប្រមូលផ្តុំបាក់តេរីច្រើន អាចបង្កជំងឺ ឬបញ្ហាផ្សេងៗដល់យើងបាន ដែលរបស់ប្រើប្រាស់ទាំងនោះមានដូចជា៖

១. ក្រណាត់ជូតក្នុងផ្ទះបាយ
លទ្ធផលសិក្សាបានបង្ហាញថា ក្រណាត់ជូតក្នុងផ្ទះបាយ គឺជារបស់ដែលប្រមូលផ្តុំដោយមេរោគ បាក់តេរីច្រើនជាងគេ ព្រោះថាត្រូវបានប្រើប្រាស់ញឹកញាប់ជាងគេ។ ហេតុនេះការសម្អាតក្រណាត់ជូតនេះជាប្រចាំ នឹងជួយបន្ថយហានិភ័យ និងជួយប្រសិទ្ធភាពអនាម័យ ដល់សមាជិកគ្រួសារក្នុងផ្ទះ។

២. ជ្រុញ
ក្តារជ្រុញ ក្រោយហាន់សាច់រួច សុទ្ធសឹងជាវត្ថុដែលងាយប្រមូលផ្តុំដោយបាក់តេរី ដូចនេះការលាងសម្អាតជ្រុញបានស្អាត ជាជម្រើសល្អសម្រាប់សុខភាព។ បន្ថែមពីនោះ យើងអាចសម្អាតជ្រុញដោយការ ដាក់ជ្រលក់ក្នុងទឹកខ្មេះ លាយនឹងទឹកក្នុងបរិមាណស្មើគ្នា ទុកចោលរយៈពេល ២ទី៣នាទី ដើម្បីកម្ចាត់បាក់តេរីឲ្យបានស្អាតល្អ។

៣. អេប៉ុងលាងចាន
អេប៉ុងលាងចាន ក៏ជាវត្ថុសំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់សម្អាត ព្រោះថាជាកន្លែងស្តុកទៅដោយមេរោគក្រោយការប្រើប្រាស់រួច។ ដើម្បីអនាម័យលើវត្ថុប្រើប្រាស់នេះ យើងអាចលាងសម្អាតវារួចដាក់ត្រូវកម្តៅថ្ងៃ១នាទី និងគួរប្តូរប្រើថ្មីរយៈពេលប្រមាណ១សប្តាហ៍ម្តង។

៤. ដបទឹក
ដបទឹកសម្រាប់ច្រកទឹកញ៉ាំរាល់ថ្ងៃ មិនថាជាដបប្លាស្ទិក ឬជាលោហៈ ការសម្អាតវាជាប្រចាំនឹងនាំយើងឱ្យចៀសឆ្ងាយពីពពួកបាក់តេរី។

៥. តេលេទូរទស្សន៍
តេលេទូរទស្សន៍មានមនុស្សជាច្រើនក្នុងផ្ទះប៉ះពាល់ មិនថាអ្នកក្អក អ្នកញ៉ាំចំណី អ្នកមានដៃកខ្វក់ទៅប៉ះពាល់ ដូចនេះការជូតសម្អាតផ្ទៃតេលេជាមួយទឹកអាល់កុល ឬទឹកថ្នាំលាងសម្លាប់មេរោគ អាចបន្ថយហានិភ័យបានច្រើន។

៦. ក្តារចុចកុំព្យូរទ័រ (Keyboard)
ពិតណាស់ ក្តារចុចកុំព្យូរទ័រ ក៏ជាប្រភពមេរោគ ដូចទៅនឹងតេលេទូរទស្សន៍ផងដែរ។ អនុវត្តវិធីសម្អាតខាងលើដូចគ្នា ពោលគឺការជូតសម្អាតផ្ទៃក្តារចុចជាមួយ ទឹកថ្នាំសម្អាត ឬអាល់កុលនឹងជួយ បន្ថយហានិភ័យពីបាក់តេរី ជួយអនាម័យក្នុងការប្រើប្រាស់៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com