Connect with us

វៀតណាម ជួយពលរដ្ឋដែលនៅផ្ទះ ដោយបញ្ចុះថ្លៃអគ្គិសនីរយៈពេល៣ខែ

វៀតណាម៖ រដ្ឋាភិបាលវៀតណាម នឹងបញ្ចេញថវិកាបម្រុងដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ តាមរយៈការបញ្ចុះថ្លៃអគ្គិសនី រយៈពេល ៣ខែ (មេសា ឧសភា និងមិថុនា) ក្នុងអត្រា១០% បើប្រើប្រាស់តិចជាង៣០០គីឡូវាត់ម៉ោង សម្រាប់លំនៅឋាន និងទីតាំងអាជីវកម្ម ព្រមទាំង ២០% សម្រាប់ផ្នែកបដិសណ្ឋារកិច្ច ដែលសរុបស្មើនឹងទឹកប្រាក់ ១១ទ្រីលានដុង (ប្រហែល ៤៧០លានដុល្លារអាមេរិក)។

សំណើស្ដីពីបញ្ចុះថ្លៃអគ្គិសនីនេះ បានធ្វើឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ដែលរងផលប៉ះពាល់ក្នុងការរាតត្បាតនៃវីរុសកូវីដ១៩។

អ្នកឆ្លងវីរុសកូវីដ១៩ នៅវៀតណាម មាន ២៦៧នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ។ ក្នុងនោះ ១៦៩នាក់ ត្រូវបានជាសះស្បើយ និង ៩៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែក អ្នកដែលសង្ស័យផ្ទុកកូវីដ១៩ មានចំនួន ១៦៥៩នាក់។

កាលពីដើមខែនេះ សារព័ត៌មាន Reuters បានចុះផ្សាយថា វៀតណាម បានអនុវត្តនូវវិធានការរក្សាគម្លាតសង្គម រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមេសាមក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងសហគមន៍៕

ប្រភព៖ vnexpress

Loading...

ពេញនិយម