Connect with us

តើអ្នកដឹងទេ មានប្រជាពលរដ្ឋចំនួន ១៣ពាន់ លាននាក់ ក្នុងប្រទេសចំនួន ១០៤ កំពុងរស់នៅក្នុងភាពក្រីក្រ ដែលក្នុងនោះ ពាក់កណ្តាល គឺជាកុមារ

យូអ៊ិនឌីភី ៖ ប្រជាជនក្រីក្រពាក់កណ្តល គឺជាក្រុមមនុស្សដែលមានអាយុតិចជាង១៨ឆ្នាំ នេះបើតាមការប៉ាន់ស្មានរបស់សន្ទស្សន៍សាកលពីភាពក្រីក្រពហុសមាសភាគ Multidimensional Poverty Index (MPI) សម្រាប់ឆ្នាំ២០១៨ ដែលបានចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និង Oxford Poverty and Human Development Initiative (OPHI) ។


លទ្ធផលថ្មី បានបង្ហាញថា ប្រទេសដែលមានប្រាក់ចំណូលទាប និង ចំណូលមធ្យមចំនួន ១០៤ មានកុមារក្រីក្រ ចំនួន ៦៦២លាននាក់ ដែលរស់នៅក្នុងភាពក្រីក្រ។ នៅក្នុងប្រទេសចំនួន៣៥ មានកុមារពាក់កណ្តាល កំពុងរស់នៅក្នុងភាពក្រីក្រ ។ ទិន្នន័យសន្ទស្សន៍សាកលពីភាពក្រីក្រពហុសមាសភាគ បានពិនិត្យមើលលើសពីប្រាក់ចំណូល ដើម្បីសិក្សាឲ្យបានកាន់តែស៊ីជម្រៅពីការប្រឈមរបស់ប្រជាជនទៅនឹងភាពក្រីក្រតាមរយៈយន្តការផ្សេងៗ ក្នុងពេលតែមួយ ។

ទិន្នន័យសន្ទស្សន៍ ក៏បានបញ្ជាក់ពីរបៀបដែលប្រជាជនមួយចំនួន ត្រូវបានគេបោះបង់ចោលក្នុងវិស័យសំខាន់ចំនួនបីដូចជា ៖ វិស័យសុខភិបាល អប់រំ និងស្តង់ដារនៃការរស់នៅ (សំដៅលើកង្វះទឹកស្អាត អនាម័យ កង្វះអាហាររូបត្ថម្ភ និងការអប់រំកម្រិតមូលដ្ឋាន)។ ការវាស់វែងភាពក្រីក្រតាមវិធីសាស្ត្រចាស់ ៖ វិធីនេះជាទូទៅត្រូវបានគណនាលើប្រជាជនដែលរកប្រាក់ចំណូលបានតិចជាង ១,៩ ដុល្លាក្នុងមួយថ្ងៃ ដែលការសិក្សារបៀបនេះផ្តោតលើកម្រិតចំណូលរបស់ប្រជាជនតែម្យ៉ាង ដោយមិនបានសិក្សាពីការប្រឈមផ្សេងៗទៀតនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេឡើយ ។

ប៉ុន្តែ សម្រាប់សន្ទស្សន៍សាកលពីភាពក្រីក្រពហុសមាសភាគ បានផ្តល់នូវរូបភាពបន្ថែមទៀតជុំវិញភាពក្រីក្រ ហើយនឹងផលប៉ះពាល់ពីភាពក្រីក្រដល់ប្រជាជននៅទូទាំងពិភពលោក។ តួរលេខចុងក្រោយ បានបង្ហាញរូបភាពយ៉ាងច្បាស់ពីរបៀបដែលប្រជាជនជាច្រើនត្រូវបានគេបោះបង់ចោលក្នុងបរិយាកាសនៃការអភិវឌ្ឍ ។ តួរលេខថ្មី ក៏បានបង្ហាញផងដែរពីកាលានុវឌ្ឍភាពនៃការដោះស្រាយភាពក្រីក្រ ដែលអាចធ្វើទៅបានក្នុងរយៈពេលដ៏ខ្លីប្រសិនបើមានយន្តការដោះស្រាយត្រឹមត្រូវ។


សន្ទស្សន៍សាកលពីភាពក្រីក្រពហុសមាសភាគឆ្នាំ២០១៨ បានធ្វើការសិក្សាលើប្រជាជនជាង១៣ពាន់លាននាក់ ដែលរស់នៅក្នុងភាពក្រីក្រ ឬ ស្មើនឹងចំនួន១ភាគ៣នៃប្រជាជនក្នុងប្រទេសចំនួន១០៤ ។ ក្នុងចំណោមប្រជាជន ១៣ពាន់លាននាក់ ចំនួនជាងពាក់កណ្តាល ឬ ស្មើនឹង៤៦% ត្រូវបានប៉ាន់ប្រមាណថា រស់នៅក្នុងភាពក្រីក្រ ហើយនឹងរងផលប៉ះពាល់ខ្លាំងពីវិស័យសំខាន់ៗដែលត្រូវបានកំណត់ក្នុងសន្ទស្សន៍សាកលពីភាពក្រីក្រពហុសមាសភាគ។
ខណៈពេលដែលកិច្ចការជាច្រើនត្រូវការសម្រេចឲ្យបាន ក្នុងនោះ ក៏មានសញ្ញាណវិជ្ជមានមួយចំនួនដែលបង្ហាញពីដំណោះស្រាយនៃភាពក្រីក្រ ដែលអាចធ្វើទៅបាននៅពេលបច្ចុប្បន្ន និងនាថ្ងៃខាងមុខផងដែរ។

ប្រទេសឥណ្ឌា គឺជាប្រទេសទីមួយដែលធ្វើការប៉ាន់ស្មាន ដំណើររវិវឌ្ឍន៍នៃភាពក្រីក្រពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ហើយប្រជាជនឥណ្ឌា ចំនួន២៧១លាននាក់ បានចាកចេញពីភាពក្រីក្រ នៅរវាងឆ្នាំ២០០៥ ទៅ ២០០៦ និងរវាងឆ្នាំ២០១៥ ទៅ២០១៦។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយស្ទើតែពាក់កណ្តាល ដែលធ្លាក់ចុះពី៥៥% មកត្រឹម២៨%ក្នុងរយៈពេល១០ឆ្នាំ។
ភាពក្រីក្រពហុសមាសភាគ ត្រូវបានរកឃើញនៅគ្រប់ប្រទេសកំពុងអភិវឌ្ឍន៏ទូទាំងពិភពលោក ហើយកម្ពុជា ក៏ស្ថិតនៅក្នុងចំណោមប្រទេសទាំងនោះ ដែលភាពក្រីក្រពហុសមាសភាគកើតមានលើប្រជាជនដែលរស់នៅតាមទីជនបទ ។

លោក Nick Beresford នាយកប្រចាំប្រទេសនៃយូអិនឌីភីបានលើកឡើងថា នៅប្រទេសកម្ពុជា បើទោះបីជាកម្រិតនៃភាពក្រីក្រពហុសមាសភាគ ទាបជាងកម្រិតសាកល ហើយវាបន្តធ្លាក់ចុះ ប៉ុន្តែ ទីតាំងភូមិសាស្រ្តនៅតែធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រឈម។ សន្ទស្សន៍សកល បង្ហាញថា ចំនួន៤០%នៃប្រជាជនរស់នៅតាមទីជនបទ កំពុងប្រឈមទៅនឹងភាពក្រីក្រ ខណៈដែលនៅទីក្រុងមានត្រឹមតែ៧% ប៉ុណ្ណោះ”។ បើយោងតាមទិន្នន័យសន្ទស្សន៍សាកលពីភាពក្រីក្រពហុសមាសភាគឆ្នាំ២០១៤ និង២០១៥បានបញ្ជាក់ពីកម្រិតខុសគ្នានៃភាពក្រីក្រដែលនៅទីក្រុងភ្នំពេញ មានត្រឹមតែ៧% ខណៈដែលនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងមានរហូតដល់ ៦៤% ។


ប្រទេសកម្ពុជា មិនបានជួបប្រទះបញ្ហានៃភាពក្រីក្រតែឯងនោះឡើយ ទិន្នន័យចុងក្រោយបានបង្ហាញថា ប្រជាជនក្រីក្រប្រមាណជា ១,១ ពាន់លាននាក់នៅបណ្តាប្រទេសនានា ជាប្រជាជនដែលរស់នៅតាមទីជនបទ ដែលអាត្រានៃភាពក្រីក្រសើ្មនឹង៣៦% បួនដងខ្ពស់ជាងប្រជាជនរស់នៅតាមទីក្រុង។
តាមទិន្នន័យជាសាកល កុមារនិងយុវជន(អាយុក្រោម១៩ឆ្នាំ) នៅប្រទេសកម្ពុជាស្ថិតនៅក្នុងជីវភាពក្រីក្រ ឬ ស្មើនឹងជិតពាក់កណ្តាលនៃប្រជាជនក្រីក្រសរុប (៤៥%)។


យូអិនឌីភី នៅប្រទេសកម្ពុជា បានធ្វើការរំលឹកថា ចំនួន២១% នៃប្រជាជនសរុប គឺជាក្រុមប្រជាជនជួបប្រទះភាពក្រីក្រ ខណៈដែល១២% នៃចំនួនប្រជាជននេះ ជាប្រជាជនដែលក្រីក្រខ្លាំង។ ការព្រួយបារម្ភនេះ ក៏កើតមានផងដែរទៅលើក្រុមប្រជាពលរដ្ឋដែលប្រឈមនឹងក្លាយខ្លួនជាប្រជាជនក្រីក្រខ្លាំងភ្លាមៗប្រសិនបើពួកគេជួបប្រទះនឹងហានិភ័យមួយចំនួនដូចជា ជំងឺ គ្រោះរាំងស្ងួត ភាពអត់ការងារធ្វើ ។ល។


គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាការប្តេជ្ញាជាសាកលក្នុងការលុបបំបាត់ភាពក្រីក្រ អោយបានជាចីរកាល និងគ្រប់ទីកន្លែង។ ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវបានគេបោះបង់ចោលហើយនាំយើងទាំងអស់គ្នាក្នុងការធ្វើឲ្យភពផែនដីប្រកបដោយនិរន្តភាព សុវត្ថិភាព និងការរីកចម្រើនសម្រាប់គ្រប់គ្នា៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម