Connect with us

ចូលចិត្តចំអិនម្ហូបមែនទេ! អាចពិចារណា ចាប់យកជំនាញចុងភៅបាន ខណៈដែលជំនាញនេះកំពុងមានទីផ្សារការងារច្រើន ប្រមាណ៤ពាន់នាក់ក្នុងមួយឆ្នាំ

ភ្នំពេញ ៖ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានអោយដឹងថា នៅក្នុងមួយឆ្នាំ កម្ពុជា ត្រូវការ ធនធានមនុស្សសម្រាប់ជំនាញចុងភៅ ប្រមាណជាង ៤ពាន់នាក់ ប៉ុន្តែ ការបណ្តុះបណ្តាល បានត្រឹមតែ ១០០នាក់ប៉ុណ្ណោះ ។


លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានឲ្យដឹងថា ក្នុងមួយឆ្នាំ កម្ពុជាត្រូវការធនធានមនុស្សផ្នែកចុងភៅ ប្រមាណ៤ពាន់នាក់ ទៅ៥ពាន់នាក់ ក៏ប៉ុន្តែការបណ្តុះបណ្តាលជំនាញចុងភៅនេះ បានត្រឹមតែជាង ១០០នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
លោក លូ ម៉េង បានបន្តថា កម្ពុជាត្រូវការជំនាញផ្នែកចុងភៅជាច្រើននាក់ទៀត ដើម្បីបម្រើការងារនៅតាមភោជនីយដ្ឋាន និង សណ្ឋាគារ ដែលទើបបង្កើតឡើងថ្មីៗនេះ ។


អ្នកជំនាញក្នុងវិស័យទេសចរណ៍ ក៏បានឲ្យដឹងថា វិស័យទេសចរណ៍ អាចមានការរីកចម្រើននិងទទួលបានភ្ញៀវទេសចរអន្តរជាតិបន្ថែម ប្រសិនបើមានការអភិវឌ្ឍន៍លើវិស័យម្ហូបអាហារ និងសេវាកម្មមួយចំនួនទៀត ។ អ្នកជំនាញ បន្តទៀតថា បើសិនជាកម្ពុជា មានតែកន្លែងទេសចរណ៍ស្អាតៗ ល្បីៗ តែសេវាកម្មអន់ ម្ហូបអាហារមិនមានអនាម័យ នឹងធ្វើអោយកម្ពុជា បាត់បង់ ឪកាសក្នុងការទាក់ទាញភ្ញៀវអន្តរជាតិ អោយមកលេងកម្សាន្ត ម្តងទៀត ។


អ្នកជំនាញបន្តថា វិស័យភោជនីយដ្ឋាន និងសណ្ឋាគារ ដែលមានស្ដង់ដាអន្តរជាតិ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីឲ្យភ្ញៀវទេសចរបរទេស ដែលចូលមកកំសាន្តក្នុងប្រទេសកម្ពុជា ទទួលបានដូចអ្វីដែលមាននៅប្រទេសគាត់ ក៏ដូចជានៅបណ្ដាប្រទេសជាច្រើនទៀតដែលគាត់ធ្លាប់បានទៅកំសាន្ត ហើយវា ក៏ជួយទាក់ទាញភ្ញៀវទេសចរទាំងនោះ អោយមកប្រទេសកម្ពុជាជាថ្មីម្តងទៀត។


គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២លាននាក់ និង ប្រមាណ៧លាននាក់ ក្នុងឆ្នាំ២០២០ ដែលនឹងនាំមកនូវប្រាក់ចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើតឱកាសការងារបានប្រ មាណ១លាននាក់ដោយផ្ទាល់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម