Connect with us

សហគមន៏ផលិតសូត្រឱរ៉ាល់ នៅខេត្តកំពង់ស្ពឺ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណៈជនជាតិ និងអន្តរជាតិ ក្រោយការចាប់ផ្តើមរស់ឡើងវិញ រយៈពេល១ឆ្នាំ

កំពង់ស្ពឺ ៖ បន្ទាប់ពីការចាប់ផ្តើមរស់ឡើងវិញនៃវិស័យផលិតសូត្រនៅកម្ពុជារយៈពេលជាង១ឆ្នាំមកនោះ សហគមន៏ផលិតសូត្រតំបន់ឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ កំពុងបង្ហាញពីការទាក់ទាញយ៉ាងខ្លាំងពីសាធារណជនទូទៅ ជាពិសេសស្ថាប័នផ្តល់ជំនួញ ក្រុមហ៊ុនឯកជន និង អង្គទូតប្រទេសក្នុងតំបន់អាស៊ាន ជាដើម។


កាលពីចុងសប្តាហ៏កន្លងទៅនេះ អង្គទូតប្រទេសសមាជិកអាស៊ាន ក៏បានធ្វើដំណើរទស្សនកិច្ចនៅសហគមន៏ផលិតសូត្រតំបន់ឱរ៉ាល់ នៃខេត្តកំពង់ស្ពឹ ព្រមជាមួយនឹងចំណាប់អារម្មណ៏នានា ពាក់ព័ន្ធនឹងវិស័យផលិតសូត្រនៅប្រទេសកម្ពុជា ។ លោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអ្នកផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ គំនិតផ្តួចផ្តើមលើកកំពស់វិស័យផលិតសូត្រនៅកម្ពុជា មានភាពវិជ្ជមានច្រើនស្របគ្នានឹងការចាប់អារម្មពីមជ្ឍដ្ឋានផ្សេងៗ។


លោក ហុក នីម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៏សូត្រឱរ៉ាល់ ក៏បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះភាពវិជ្ជមាន នៃដំណើរការជឿនលឿនទៅមុខ ក្នុងផែនការផលិតសូត្រក្នុងសហគមន៏របស់លោក ។ សូមបញ្ជាក់ថា ស្របពេលដែលតម្រូវការសូត្របន្តកើនឡើងជាលំដាប់នោះ ប្រទេសកម្ពុជាបាននាំចូលសរសៃសូត្រ ក្នុងបរិមាណជាង៤០០តោនក្នុង១ឆ្នាំ ខណៈដែលការផលិតសរសៃសូត្រក្នុងស្រុក គឺអាចសម្រេចបានបរិមាណតិចតួចបំផុត ពោលគឺផលិតបានត្រឹមតែ១តោនប៉ុណ្ណោះក្នុង១ឆ្នាំ ។ ជាមួយគ្នានេះ កម្ពុជា ត្រូវចំណាយទឹកប្រាក់ប្រមាណជាង៣០លានដុល្លារក្នុង១ឆ្នាំ លើការទិញសូត្របរិមាណជាង៤០០តោនពីក្រៅប្រទេស ។


ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា មានប្រសាសន៏ថា វាជាកិច្ចការល្អដែលប្រទេសក្នុងតំបន់អាស៊ាន ដែលផលិតសូត្រ គួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីបង្កើតតម្លៃបន្ថែមចំពោះផលិតផលសូត្រ។ ការផលិតសូត្រ ទទួលបានប្រាក់ចំណូលខ្ពស់ បើធៀបនឹងការប្រកបរបរកសិកម្មមួយចំនួន ក្នុងនោះ ការផលិតសូត្រ គឺទទួលបានប្រាក់ចំណូលចន្លោះពី ៣ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារក្នុង១ឆ្នាំ លើផ្ទៃដីដាំស្លឹកមន ១ហិចតា ។


យោងតាមរបាយការណ៏របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានបង្ហាញថា ការ ផលិតវត្ថុធាតុដើមពីសរសៃសូត្រក្នុង១ឆ្នាំ ក្នុងពិភពលោក គិតជាមធ្យមមានបរិមាណ៨ម៉ឺនតោន ក្នុងនោះ ការផលិតនៅប្រទេសចិន មានចំណែកដល់ទៅជាង៧០%នៃការផលិតសរុប ទូទាំងពិភពលោក។ ស្របពេលជាមួយគ្នា ការធ្វើពាណិជ្ជកម្មសូត្រ ទូទាំងសកលលោកត្រូវបានប៉ាន់ស្មានថា មានតម្លៃជាទឹកប្រាក់ដល់ទៅជាង២ម៉ឺន៥ពាន់លានដុល្លារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម