Connect with us

បុគ្គលិកសុខាភិបាលជាង ៩ម៉ឺននាក់នៅទូទាំងពិភពលោក បានឆ្លងវីរុសកូវីដ១៩

សង្គម៖ យ៉ាងហោចណាស់ មានបុគ្គលិកសុខាភិបាល ៩ម៉ឺននាក់ នៅលើទូទាំងពិភពលោក បានឆ្លងវីរុសកូវីដ១៩ ដោយសារតែកង្វះឧបករណ៍ការពារអំឡុងពេលបំពេញការងារមើលថែទាំអ្នកជំងឺ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

ជំងឺកូវីដ១៩ បានសម្លាប់គិលានុបដ្ឋាយិកា ជាង ២៦០នាក់ ក្នុងនោះ មានជាង ១០០នាក់ បានស្លាប់ក្នុងរយៈពេលមួយខែចុងក្រោយ ដោយសារវីរុសកូវីដ១៩ ដែលបានផ្ទុះឡើងនៅទីក្រុងអ៊ូហាន ប្រទេសចិន កាលពីចុងឆ្នាំ២០១៩។

តួលេខបុគ្គលិកសុខាភិបាល ដែលបានឆ្លងប្រមាណ ៩ម៉ឺននាក់ បានប្រមូលពីរបាយការណ៍ក្នុងប្រទេសចំនួន ៣០ នៃសមាគមគិលានុបដ្ឋាយិកាជាតិ របាយការណ៍របស់រដ្ឋាភិបាល និងសេចក្ដីរាយការណ៍របស់បណ្ដាសារព័ត៌មានផ្សេងៗ។ ទិន្នន័យទាំងនេះ ត្រូវបានប្រមូលរួចចងក្រងដោយ ក្រុមប្រឹក្សាគិលានុបដ្ឋាយិកាអន្តរជាតិ ដែលមានសមាជិករបស់ខ្លួន ជាតំណាងនៃសមាគមគិលានុបដ្ឋាយិកាជាតិចំនួន ១៣០ប្រទេស និងមានគិលានុបដ្ឋាយិកាជាង ២០លាននាក់។

យោងតាមរបាយការណ៍ Worldometers បានឱ្យដឹងថា គិតមកទល់ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួនជាង ៣,៨ លាននាក់ និងស្លាប់ជាង ២៦ ម៉ឺននាក់។ ក្នុងនោះដែរ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួនជាង ១,៣ លាននាក់៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com