Connect with us

អ៊ុញនោះ! មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ចេញសារព្រមានចាត់ការអ្នកលក់ដីឡូតិ៍ខ្យល់ តាមផ្លូវច្បាប់

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅថ្ងៃនេះ បានចេញសារព្រមាន ថា ក្រសួងរៀបចំដែនដី នឹងចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ទាំងឡាយណា ដែលលក់ដីឡូតិ៍ខ្យល់ ឬ លក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ ។


ដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បានថ្លែងថា ឥឡូវនេះ ក្រសួងរៀបចំដែនដី បានអនុម័ត ប្រកាសការអភិវឌ្ឍដី ហើយប្រកាសនេះ ក៏ត្រូវបានដាក់ឲ្យអនុវត្តផងដែរ ។
ឯកឧត្តម បន្តថា បន្ទាប់ពីប្រកាសនេះ ត្រូវបានអនុវត្ត ការអភិវឌ្ឍដីទាំងអស់ រួមទាំងការពុះដីឡូតិ៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដី ក៏ត្រូវតែសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។


បើតាម ឯកឧត្តម ប៉ែន សុផល នៅក្នុងប្រកាស និងបទដ្ឋានគតិយុត្តិជាច្រើនទៀត ទាក់ទងទាំង វិស័យឯកជន និងវិស័យវិជ្ជាជីវៈ ហើយគ្រប់ទាំងសាធារណៈ និងឯកជន ត្រូវតែគោរពតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ហើយក្នុងករណី មិនគោរពតាមក្រសួង គឺមានតែការដាក់ទណ្ឌកម្ម ។
ក្រៅពីការព្រមានដាក់ទណ្ឌកម្ម ដល់អ្នកលក់ដីឡូតិ៍បោកប្រាស់ហើយនោះ ក្រសួងរៀបចំដែនដី ក៏បានអំពាវនាវឲ្យអ្នកទិញដីទាំងអស់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ អំពីដីដែលត្រូវទិញនោះ ជាដីដែលមានការចុះបញ្ជីច្បាស់លាស់ និង មិនមែនជាដីដែលបានលក់រួចហើយ។


សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ គម្រោងពុះដីឡូតិ៍ជាច្រើន បានកំពុងកើតមាន ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ ក្នុងនោះ គម្រោងដីឡូតិ៍ មួយចំនួន គឺមានភាពមិនប្រាកដប្រជា និង មិនបានចុះបញ្ជីរច្បាស់លាស់នោះទេ ៕  

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម