Connect with us

ប្រាសាទកណ្ដាលស្រះស្រង់ ដែលត្រូវបាក់រលំរាប់រយឆ្នាំនោះ នឹងផុសចេញជារូបរាងពិត នៅចុងឆ្នាំនេះ

សៀមរាប៖ ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ ក្នុងចំណោមព្រះរាជសមិទ្ធផលនានា របស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ១១៨៦។ នៅកណ្ដាលស្រះស្រង់ ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទ នោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឱ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។

នាពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានរកឃើញបុរាណវត្ថុមួយចំនួន ពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។

គេក៏បានធ្វើកំណាយរកឃើញចម្លាក់ថ្មរូបសត្វអណ្ដើកចំនួន ២ ទៀតដែរ ខណៈក្រុមការងារ កំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕

ប្រភព៖ ក្រសួងទេសចរណ៍

កែសម្រួល៖ លាភ

Loading...

ពេញនិយម