Connect with us

ក្រសួងអប់រំ ថា អាចនឹងបើកសាលារៀនឡើងវិញ នៅចុងឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្ពុជាមិនអាចប្រថុយប្រថានខ្លាំងឡើយ ហើយត្រូវរង់ចាំមើលសភាពការណ៍វិវឌ្ឍបន្តទៀត និងសម្រេចចិត្តបើកសាលារៀននៅចុងឆ្នាំ២០២០ ក៏មិនយឺតពេកដែរ។ ក្រសួង បានបង្ហាញពីលទ្ធភាពចំពោះការបើកដំណើរការសាលារៀនឡើងវិញ ឱ្យបានមុនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

ការឱ្យដឹងដូច្នេះ បានធ្វើឡើងក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ក្នុងសារលិខិតនោះ លោករដ្ឋមន្ត្រីក្រសួងអប់រំ ស្នើឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាពនៃជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២។

ការបន្តពន្យារពេលបើកដំណើរការគ្រឹះស្ថានសិក្សានេះ ក្រសួងអប់រំ យុវជន និងកីឡា ឈរលើមូលដ្ឋានសំខាន់ៗ ៤ចំណុច ដូចខាងក្រោម៖

១. ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលខ្លាំងឡើងៗនៅលើពិភពលោក។

២. តាមសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបញ្ជាក់ម្តងហើយម្តងទៀតថា ទោះបីជាប្រទេសកម្ពុជាអាចគ្រប់គ្រងបាន ដោយមិនមានករណីវិជ្ជមានថ្មី វីរុសកូវីដ១៩ អស់រយៈពេល១ខែ និងមានអ្នកជាសះស្បើយជិត១០០% ហើយមិនមានអ្នកស្លាប់ដោយសារជំងឺនេះក៏ដោយ ក៏កម្ពុជានៅតែប្រឈមនឹងហានិភ័យខ្ពស់ ប្រសិនបើមិនបន្តអនុវត្តវិធានការពារដែលរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធដាក់ចេញកន្លងមក។

៣. ដើម្បីការពារអាយុជីវិត សិស្ស និស្សិត និងដើម្បីបន្តនិរន្តភាពនៃការសិក្សា ក្រសួងអប់រំ បានដាក់ចេញនូវយន្តការនៃការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកជាច្រើនទម្រង់។

៤. ការពន្យារពេលបើកដំណើរការសាលារៀនឡើងវិញនេះ ផ្តោតលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ។ ជាលក្ខណៈបច្ចេកទេសថ្នាក់រៀនកម្ពុជាមានទំហំធំ សិស្សពី៥០-៦០នាក់ ដែលមិនអាចអនុវត្តស្តង់ដារវិធានការការពាររបស់អង្គការសុខភាពពិភពលោក ដូចជាការរក្សាគម្លាត និងការបង្រួមថ្នាក់ឱ្យនៅត្រឹម ២០នាក់/ថ្នាក់បានឡើយ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម