Connect with us

លោកស្រី ឱ វណ្ណឌីន៖ ករណីជនជាតិវៀតណាមដែលបានចាកចេញពីកម្ពុជា វិលត្រឡប់ទៅប្រទេសខ្លួនវិញ ពុំមានភស្តុតាងជាក់លាក់ថា បានឆ្លងកូវីដ១៩នៅកម្ពុជា ឬវៀតណាមនោះទេ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះថា ករណីជនជាតិវៀតណាមម្នាក់ ដែលបានចាកចេញពីខេត្តសៀមរាប និងបានទៅដល់ប្រទេសរបស់ខ្លួនវិញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ១៩ ដោយអាជ្ញាធរវៀតណាម នៅថ្ងៃទី១៥ ខែឧសភា គឺពុំមានភស្តុតាងជាក់លាក់ណាមួយបង្ហាញថា បានឆ្លងនៅកម្ពុជា ឬនៅប្រទេសវៀតណាមនោះទេ ព្រោះបុគ្គលរូបនេះ បានទៅដល់ប្រទេសវៀតណាមហួស១៤ថ្ងៃមកហើយ។ ចំណែកកម្ពុជាវិញ ក៏ពុំមានករណីវិជ្ជមានថ្មីណាមួយផងដែរ។ កម្ពុជា មិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីដែលបានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ ហើយតាមរយៈការចុះផ្សាយនោះផងដែរ ក្រសួងក៏មិនអាចសន្និដ្ឋានបានថា ការចម្លងនោះវាអាចឆ្លងនៅប្រទេសវៀតណាមដែរឬទេ ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង ហើយគ្រប់ព័ត៌មានដែលទទួលបាន គឺក្រសួងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការរុករកឱ្យអស់លទ្ធភាព។

គួររំឭកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះម្សិលមិញនេះ សារព័ត៌មាន VN Express និង Vietnam News របស់ប្រទេសវៀតណាម បានផ្សាយថា រកឃើញករណីវិជ្ជមានទី៣១៥ ទៅលើបុរសជនជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីខែមករា និងបានវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ កាលពីថ្ងៃទី០២ ខែឧសភា ហើយអាជ្ញាធរវៀតណាម បានធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើបុរសរូបនេះ នៅថ្ងៃទី០៥ ខែឧសភា ប៉ុន្តែលទ្ធផល គឺអវិជ្ជមាន រហូតដល់ថ្ងៃទី១៥ ខែឧសភា ទើបអាជ្ញាធរវៀតណាម ធ្វើតេស្តលើបុរសនេះម្តងទៀត ហើយលទ្ធផលគឺវិជ្ជមានវីរុសកូវីដ១៩៕

ប្រភព ៖ AKP

កែសម្រួល៖ លាភ

Loading...

ពេញនិយម