Connect with us

ចូលចិត្តដើរលេងបោះតង់ ត្រូវចេះតិចនិកទាំងនេះ ចៀសវាងគ្រោះថ្នាក់ដោយសារពស់

ការដើរលេងបោះតង់ កំពុងពេញនិយមខ្លាំងណាស់ ពិសេសយុវវ័យគ្នាយើងតែម្តង ចូលចិត្តដើរលេងគេងព្រៃស្រូបយកខ្យល់បរិសុទ្ធ និងគយគន់ភាពស្រស់បំព្រងរបស់ធម្មជាតិ។ យ៉ាងណា ដើរលេងគេងបោះតង់ក្នុងព្រៃ ក៏ត្រូវចេះតិចនិកខ្លះៗ ពិសេសរឿងការពារពីសត្វពស់ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់តិចនិកការពារខ្លួនខ្លះៗឱ្យគ្នាយើងបានដឹង។

១- រៀបចំតង់ឱ្យនៅឆ្ងាយពីជម្រកសត្វពស់

សត្វពស់ជាទូទៅ តែងវាចុះពីដើមឈើ ហេតុនេះ ត្រូវប្រាកដថា កន្លែងយើងបោះតង់ ត្រូវតែជាទីតាំងដែលវាល មិនមានដំបូក ឬដើមឈើ ដែលសត្វពស់អាចលាក់ខ្លួន ឬបិទបាំងពីភ្នែកយើងបាន។

២- មុនពេលចូលតង់ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ

សត្វពស់ ជាសត្វល្មូន អាចពួនសំងំនៅខាងក្រោមតង់របស់យើងបាន។ នៅពេលថ្ងៃ បើយើងមានកម្មវិធីសប្បាយជួបជុំ ឬសកម្មភាពអ្វីផ្សេងខាងក្រៅតង់ ត្រូវតែបិទសំណាញ់តង់ឱ្យជិត ហើយមុនពេលចូលក្នុងតង់ ត្រូវប្រាកដណាស់ គ្មានមិត្តថ្មីរបស់យើងមកសំងំពួនក្នុងតង់ឡើយ។ ជាគំនិតល្អ ត្រូវពិនិត្យកាបូប ឬរបស់របរណាដែលសត្វពស់អាចលាក់ខ្លួនបាន មុននឹងគេង។

៣- ពិនិត្យតង់ឱ្យបានត្រឹមត្រូវសព្វកន្លែង

ចំណុចសំខាន់បំផុត ត្រូវរូតបិទសំណាញ់តង់គ្រប់ពេលវេលាតាមតែអាចធ្វើបាន ហើយពិនិត្យតង់ឱ្យបានល្អិតល្អន់ ពិសេសរឿងតង់រហែកមានប្រហោង ព្រោះអាចនាំឱ្យពស់លូនចូលក្នុងតង់យើងបាន។

៤- ប្រមូលអាហារដែលមានក្លិនទាក់ទាញពស់ ចេញពីតំបន់យើងបោះតង់
ជាគំនិតល្អបំផុតមួយ ត្រូវរក្សាអាហារ រាប់បញ្ចូលទាំងអាហារសល់ ក្នុងថង់យើងចងឱ្យជិត ដើម្បីបញ្ចៀសការទាក់ទាញភ្ញៀវថ្មីរបស់យើង ដែលយើងមិនចង់ជួប។
ដើម្បីកុំឱ្យពស់ចាប់អារម្មណ៍តំបន់យើងបោះតង់ ត្រូវតែយកអាហារចេញឱ្យឆ្ងាយ ព្រោះក្លិនអាហាររបស់យើង មិនត្រឹមតែទាក់ទាញពស់នោះទេ អាចទាក់ទាញទាំងសត្វផ្សេងៗមកក្បែរតង់យើងបានទៀតផង រាប់បញ្ចូលទាំងកណ្តុរ និងសត្វស្លាប ដែលសុទ្ធសឹងជាអាហារពិសេសរបស់ពស់។

៥- ប្រើស្ព្រាយគីមីបាញ់ជុំវិញតង់

បើយើងជាមនុស្សខ្លាចពស់ខ្លាំង ឬធ្លាប់មានបទពិសោធន៍ភ័យអស់ព្រលឹង ដោយសារសត្វពស់ពីមុនមក អាចសាកល្បងប្រើស្ព្រាយមានផ្ទុកសារធាតុគីមីដែលពស់មិនចូលចិត្តបាន។
ស្ព្រាយទាំងនេះ គឺមានច្រើនប្រភេទ ទាំងប្រភេទប្រើខាងក្រៅតង់ និងខាងក្នុងតង់ ហើយបើគ្នាយើងមិនធ្លាប់ប្រើសោះ អាចសាកល្បងប្រភេទ Liquid Fence ដែលពេញនិយមបំផុតជុំវិញពិភពលោក នឹងងាយរកទិញ។ អាចសាកសួរតាមឱសថស្ថាន និងសុំការណែនាំពីគ្រូពេទ្យ ឬឱសថការីបានមុននឹងយកមកប្រើ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com