Connect with us

និមិត្តរូបចំនួន ៤ ដែលអ្នកគួរដឹងនៅក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្រុងព្រះសីហនុ នឹងកែប្រែមុខមាត់ថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ព្រមទាំងអ្នកវិនិយោគនានា ក្រោយពីការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងក្រុង ដូចជា ការសាងសង់ផ្លូវថ្មី ៣៤ខ្សែ និងការកសាងរូបសំណាក ដែលជានិមិត្តរូបរបស់ក្រុងព្រះសីហនុ។

ថ្ងៃនេះ MyTV Plus សូមលើកយកនូវនិមិត្តរូបចំនួន ៤ ដែលប្រិយមិត្តគួរដឹង ដូចខាងក្រោម៖

សីហរាជមុខបី

ជានិមិត្តរូបនៃក្រុងព្រះសីហនុ និងជាការគោរពដឹងគុណណូបការចំពោះព្រះករុណា ព្រះបរមកោដ្ឋ ដែលព្រះអង្គមានព្រះនាមថា សម្តេចព្រះនរោត្តម សីហនុ និងតំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។ រូបសំណាក សីហរាជមុខបី ស្ថិតនៅចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ៤ និងវិថីជោតញ្ញាណ។ បដិមា ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ តម្កល់លើបល្ល័ង្កកម្ពស់ ៥,៦៥ ម៉ែត្រ និងមានកម្ពស់សរុប ១៥,១៥ម៉ែត្រ ជាចម្លាក់សិល្បៈបាយ័នដែលគេកម្របានជួបប្រទះ។

រង្វង់មូលព្រះសិវៈ

ជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។ រង្វង់មូលព្រះសិវៈ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម។ បដិមាព្រះសិវៈ និងព្រះនាងឧមាភគវតី ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥ម៉ែត្រ មានកម្ពស់សរុប ១៥,១៥ម៉ែត្រ។

រង្វង់មូល ព្រះថោងនាងនាគ

ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ នៃខេត្តព្រះសីហនុ ដែលនឹងត្រូវសាងសង់ថ្មី។ ព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ។

តោពីរ ខេត្តព្រះសីហនុ

រូបសំណាក សត្វ “តោញី ឈ្មោល” ដែលជាប្រភេទស្តេចសត្វម្រឹគី ម្រឹគា មួយគូកំពុងតែឈរបង្អួតខ្លួនដោយអំណាច ជាតំណាងឱ្យខេត្តព្រះសីហនុ ដែលសក្តិសមទៅនឹងព្រះកិត្តិនាមដែល ព្រះបរមរតនកោដ្ឋ ដែលបានកសាងទុកឱ្យកូនចៅ ចៅទួតរបស់ព្រះអង្គ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា និងផ្តិតយករូបភាពដែលជាសមិទ្ធផលក្រោមស្នាព្រះហស្តរបស់ព្រះអង្គក្នុងការបង្កើតខេត្តព្រះសីហនុ។ នៅក្នុងមាត់ស្តេចសត្វតោមានគ្រាប់ឃ្លីដែលជាតំណាងឱ្យសក្តានុពលដ៏សម្បូរ
បែបនៃសម្បត្តិធម្មជាតិរបស់ខេត្ត៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com