Connect with us

ប្រទេសកំពុងអភិវឌ្ឍ ជាគោលដៅចម្បងរបស់ចិន ដើម្បីចែកវ៉ាក់សាំងប្រឆាំងកូវីដ១៩

ចិន៖ លោក ស៊ីន ជិនពីង ប្រធានាធិបតីចិន បានមានប្រសាសន៍ថា នៅពេលដែលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បានអភិវឌ្ឍដោយជោគជ័យ ចិន នឹងចែកចាយវ៉ាក់សាំងនេះសម្រាប់ប្រទេសកំពុងអភិវឌ្ឍនានានៅលើពិភពលោក។ ខណៈកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍផងដែរនោះ ក៏ធ្លាប់ទទួលបានជំនួយនូវគ្រឿងបរិក្ខារពេទ្យជាបន្តបន្ទាប់ពីរដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធនឹងជំងឺនេះ។

លោកប្រធានាធិបតី ស៊ី ជិនពីង បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្ទរកថាបើកកិច្ចប្រជុំមហាសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៣ តាមរយៈវីដេអូ Conference ជាមួយអគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃចន្ទកន្លងទៅ។

ប្រមុខដឹកនាំរដ្ឋាភិបាលចិន បានមានប្រសាសន៍ផងដែរថា ចិននឹងផ្ដល់ទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងរយៈពេល២ឆ្នាំ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម សម្រាប់ប្រទេសដែលប៉ះពាល់ដោយវីរុសនេះ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។

លោកប្រធានាធិបតី ស៊ី ជិនពីង បានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់សមាជិករបស់ក្រុមគ្រួសារជនរងគ្រោះ ដោយជំងឺកូវីដ១៩ នៅទូទាំងពិភពលោក។ លោកក៏បានថ្លែងបញ្ជាក់ថា ចិនបានបើកចំហរ ផ្ដល់តម្លាភាព និងបង្ហាញពីទំនួលខុសត្រូវ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមិនមានការលាក់លៀមចំពោះប្រទេសដែលត្រូវការចំណេះដឹងក្នុងការគ្រប់គ្រង និងព្យាបាលអ្នកជំងឺឡើយ។ លោក ស៊ី ជិនពីង បានគាំទ្រយ៉ាងពេញទំហឹងសម្រាប់អង្គការសុខភាពពិភពលោក ក្នុងការដឹកនាំពិភពលោក ឆ្លើយតបនឹងកូវីដ១៩៕

ប្រភព៖ CGTN

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម