Connect with us

ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ?

មានការលើកឡើងតៗគ្នាមកថា កាលណាយើងញ៉ាំអាហារមិនបានទៀងទាត់ពេលល្អ ជួលកាលរវល់ខ្លាំង ម៉ោង១ ឬ ២ បានបាយថ្ងៃត្រង់ បែបនេះទើបទៅជាឈឺក្រពះ។ តើពិតជាអ៊ីចឹងមែនឬ?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន បានបកស្រាយថា ការញ៉ាំអាហារមិនទៀងពេល មិនមែនជាមូលហេតុនាំឲ្យឈឺក្រពះនោះទេ។ បដិសេធការលើកឡើងខាងលើ លោកវេជ្ជបណ្ឌិតថាមូលហេតុចម្បងៗដែលនាំឲ្យឈឺក្រពះរួមមាន ការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ផឹកគ្រឿងស្រវឹងលើសកម្រិត ជក់បារី និងស្ត្រេសខ្លាំងពេក។

“ការដែលយើងញ៉ាំអាហារមិនទៀងពេល មិនជាកត្តាឲ្យឈឺក្រពះនោះទេ ខ្ញុំហ្នឹងជាគ្រូពេទ្យញ៉ាំមិនទៀងពេលជាងគេជាងឯង តែបើអត់មានកត្តាប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា ផឹកស្រា ជក់បារី ស្ត្រេសអីហ្នឹង មានតែញ៉ាំអាហារមិនទៀងពេលមួយមុខ គឺមិនអាចឈឺក្រពះទេ”។ លោកសាស្ត្រាចារ្យរៀបរាប់។
តែទោះជាបែបនេះក្តី សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលរូបនេះបញ្ជាក់ គ្រូពេទ្យមិនលើកទឹកចិត្តឲ្យញ៉ាំអាហារមិនទៀងពេលនោះទេ ទោះវាមិនបង្កឲ្យឈឺក្រពះ តែដើម្បីសុខភាពទូទៅ យើងម្នាក់ៗត្រូវញ៉ាំអាហារឲ្យទៀងពេល។
លោកវេជ្ជបណ្ឌិតបានបន្តថា ផ្ទុយទៅវិញបើយើងមានបញ្ហាក្រពះហើយ ញ៉ាំអាហារមិនទៀងពេលទៀត នោះទើបជាបញ្ហាធ្ងន់ធ្ងរ ជាបច្ច័យធ្វើឲ្យក្រពះកាន់តែធ្វើទុក្ខខ្លាំង ទៅជារមួលពោះ ឆ្អល់ពោះ៕
ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com