Connect with us

ក្រុមហ៊ុនមួយ ប្រកាសបញ្ឈប់ការលក់ផលិតផលម្សៅលាបទារក នៅអាមេរិក និងកាណាដា

អាមេរិក៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ, ក្រុមហ៊ុន Johnson & Johnson បានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងបញ្ឈប់ការលក់ផលិតផលម្សៅលាបសម្រាប់ទារក (Johnson’s Baby Powder) នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បន្ទាប់ពីអាជ្ញាធរ បានធ្វើការវាយតម្លៃលើផលិតផលនេះ។

ក្រុមហ៊ុនអាមេរិកខាងលើ ត្រូវបានគេប្ដឹងជាង ១៦០០០ករណី ថា ផលិតផលម្សៅលាបទារក (Johnson’s Baby Powder) អាចបង្កជាជំងឺមហារីក។ បណ្ដឹងបានឱ្យដឹងថា ផលិតផលម្សៅលាបនោះ មានផ្ទុកសារធាតុ Carcinogen ដែលអាចបង្កជាមហារីកបាន។

កាលពីខែតុលា ឆ្នាំ២០១៩ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក បានធ្វើតេស្តលើផលិតផលរបស់ក្រុមហ៊ុនខាងលើ ហើយរកឃើញម្សៅលាបសម្រាប់ទារកមួយចំនួន មានបញ្ហា ដែលតម្រូវឱ្យក្រុមហ៊ុនប្រកាសប្រមូលត្រឡប់មកវិញ។

សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនដដែល បានឱ្យដឹងថា តម្រូវការលើផលិតផលម្សៅលាប (Johnson’s Baby Powder) នៅតំបន់អាមេរិកខាងជើង បានធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែ ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា ផលិតផលរបស់ខ្លួនគឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។

ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ផងដែរថា ខ្លួននឹងបញ្ឈប់ការលក់ផលិតផលម្សៅលាបសម្រាប់ទារកនៅអាមេរិកខាងជើង ប៉ុន្តែខ្លួននឹងបន្តការលក់ផលិតផលម្សៅលាបនេះនៅលើទីផ្សារផ្សេងៗទៀតដដែល នៅជុំវិញពិភពលោក៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម