Connect with us

រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រសួងវប្បធម៌ បើកសារមន្ទីរឡើងវិញ ក្រោយអ្នកជំងឺកូវីដ១៩ ទាំងអស់បានជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល ដោយមានចំណារឯកភាពពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ញើលិខិតមួយជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីការអនុញ្ញាតឱ្យមានការបើកដំណើរការសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យ នៃការចម្លងវីរុសកូវីដ១៩ ដូចជាការស្កេនកម្តៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា គឺថ្វីត្បិតតែស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានេះ មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ១០០ភាគរយ និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតឡើងនូវរលកទី២ នៃការចម្លងវីរុសកូវីដ១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មាន៕

Loading...

ពេញនិយម