Connect with us

តើអ្នកដឹងទេ តើសម្បុកត្រចៀកកាំ នៅកម្ពុជា មួយគីឡូថ្លៃប៉ុន្មាន ហើយតើទីផ្សារនៃការលក់ នៅទីណា ?

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការវិនិយោគលើការសាងសង់ផ្ទះត្រចៀកកាំ ហាក់មានការកើនឡើងនៅ ក្នុងប្រទេសកម្ពុជា ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានស្នើរអោយម្ចាស់ អាជីវកម្ម មកធ្វើការចុះបញ្ជីរផងដែរ ។ បើតាមម្ចាស់អាជីវកម្មសម្បុកត្រចៀកកាំ នៅកម្ពុជា បានអោយដឹងថា ការវិនិយោគលើការសាងសង់ផ្ទះត្រចៀកកាំ តាមស្ដង់ដារ គឺ ត្រូវចំណាយប្រហែលមិនតិចជាង ១០ម៉ឺន ដុល្លារអាមេរិក នោះទេ ខណៈដែលសម្បុកត្រចៀកកាំ មិនទាន់កែច្នៃលើទីផ្សារបច្ចុប្បន្ន មានតម្លៃចន្លោះពី ៨០០ ដុល្លារទៅ ១ ១០០ដុល្លារក្នុង ១ គីឡូក្រាម និង សម្បុកត្រចៀកកាំដែលសម្អាតរួច មានតម្លៃចន្លោះពី ១ ៧០០ ដុល្លារទៅ ២ ២០០ ដុល្លារ ក្នុង ១ គីឡូក្រាម ។


ម្ចាស់អាជីវកម្ម ភាគច្រើន ក៏បានអោយដឹងផងដែរថា សម្បុកត្រចៀកកាំ ត្រូវបានលក់ ឲ្យឈ្មួញកណ្ដាលជនជាតិចិន ដែលចំនួនការផលិតមិនគ្រប់គ្រាន់ ដើម្បីនាំចេញនោះទេ ។ មកដល់ពេលនេះ ឧស្សាហកម្មសម្បុកត្រចៀកកាំ នៅកម្ពុជា មិនស្ថិតក្រោមការនាំចេញផ្លូវការនៅឡើយទេ។ ទោះជាមិនទាន់អាចនាំចេញទៅក្រៅប្រទេសក្តី ក៏ថ្មីៗនេះ ក្រសួងកសិកម្ម បានប្រកាសឲ្យម្ចាស់ផ្ទះត្រចៀកកាំ ត្រូវចុះបញ្ជីនៅក្រសួង ដោយយោងតាមច្បាប់រដ្ឋបាលព្រៃឈើ ។


តាមការដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក មន្ដ្រីជំនាញរបស់រដ្ឋបាលព្រៃឈើ បានលើក ឡើងថា វិធានការនេះ ធ្វើឡើង ខណៈឧស្សាហកម្មដែលមិនត្រូវបានចុះបញ្ជីនេះ រកបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ហើយថា ការតម្រូវឲ្យចុះបញ្ជីអាជីវកម្មចិញ្ចឹមត្រចៀកកាំ ក៏ជាផ្នែកមួយនៃការជួយសម្រួលដល់ការនាំចេញផលិតផលសម្បុកត្រចៀកកាំផងដែរ ។
យោងតាមមាត្រា ៥០ នៃច្បាប់ព្រៃឈើ ដែលតម្រូវឲ្យ «គ្រប់កសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វស្ថិតក្នុងលក្ខខណ្ឌនៃសួនសត្វ ឬគ្រួសារ សម្រាប់សត្វព្រៃចាប់ពីប្រភេទមធ្យមត្រូវហាមឃាត់ លុះត្រាតែវាត្រូវបានចេញលិខិតយល់ព្រមដោយរដ្ឋបាលព្រៃឈើ» ។

ដូច្នេះ ដើម្បីគោរពតាមច្បាប់ និងបញ្ជាក់ផលិតផលសម្បុកត្រចៀកកាំ ព្រមទាំងជួយសម្រួលនីតិវិធីនាំចេញ អាជីវកម្មផ្ទះត្រចៀកកាំលក្ខណៈគ្រួសារទាំងអស់ ត្រូវតែចុះបញ្ជីតាមរយៈរដ្ឋបាលព្រៃឈើ។


គួរកត់សម្គាល់ថា និន្នាការអាជីវកម្មសម្បុកត្រចៀកកាំ កំពុងបង្ហាញពីកំណើន ហើយនឹងក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច ដោយសារតែតម្លៃផលិតផលសម្បុកត្រចៀកកាំ មានតម្លៃខ្ពស់នៅលើទីផ្សារ និងជាប្រភេទការវិនិយោគមួយដ៏ធំផងដែរ ។ រហូតមកទល់ពេលនេះ នៅមិនទាន់មាន តួរលេខផ្លូវការនៃចំនួនផ្ទះត្រចៀកកាំ នៅកម្ពុជានោះទេ ដោយសារតែមិនទាន់មានការចុះបញ្ជីរ ត្រឹមត្រូវ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម