Connect with us

រាជរដ្ឋាភិបាល ចាប់ផ្ដើមបញ្ចុះថ្លៃអគ្គីសនី រយៈពេល ៥ខែ ក្នុងវិស័យចំនួន៤

ភ្នំពេញ៖ ចាប់ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល នឹងអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ក្នុងអំឡុងពេលដែលកម្ពុជាកំពុងទប់ស្កាត់ជំងឺកូវីដ១៩។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០, ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ មានខ្លឹមសារ ដូចខាងក្រោម៖

១- ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអនុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្ដែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះទីតាំងនោះប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬ អ្នកផ្គត់ផ្គង់ឯកជន ក៏ដោយ។

២- រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំងវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលមិនមានការប៉ះពាល់ធំដុំ។

៣- ផ្ដល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនី ២៥% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើប្រាស់លើសចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែ ដើមឆ្នាំ (ពីខែមករា ដល់ មីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណា ដែលអាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម