Connect with us

អាមេរិក ផ្ដល់ជំនួយឥតសំណង ៧,៥លានដុល្លារ សម្រាប់កម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩

ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ជូនដល់កម្ពុជា សម្រាប់ស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

ជំនួយឥតសំណង ៧,៥លានដុល្លារអាមេរិកនេះ គឺនឹងត្រូវប្រើប្រាស់សម្រាប់ស្ដារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ (ចំនួន ៥លានដុល្លារ) និង ត្រូវប្រើសម្រាប់ឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា ចំនួន (២,៥លានដុល្លារទៀត)។ ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹងត្រូវប្រើក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ ហើយដោយឡែក ក្នុងរយៈពេលមធ្យម នឹងជួយរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។

ពិធីប្រកាសផ្ដល់ផ្ដល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,៥ លានដុល្លារ សម្រាប់ស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា៕

Loading...

ពេញនិយម