Connect with us

ក្រុមគ្រូពេទ្យនៅឥណ្ឌាជួយបង្កើតទារកបានជាង ១០០ នាក់ពីម្តាយដែលបានឆ្លងវីរុសកូវីដ ១៩

ឥណ្ឌា៖ ទារកជាង ១០០ នាក់ត្រូវបានបង្កើតដោយជោគជ័យ និងមានសុខភាពល្អពីម្តាយដែលបានឆ្លងវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យមួយនាទីក្រុង Mumbai ភាគខាងលិចប្រទេសឥណ្ឌា។ ទារក ៣ នាក់ក្នុងចំណោមទារក ១១៥ នាក់បានរកឃើញថាឆ្លងវីរុសកូវីដ-១៩ ពីម្តាយ រីឯស្ត្រីកំពុងពរពោះចំនួន ៣ នាក់ទៀតក៏បានស្លាប់មុនពេលសម្រាលផងដែរ។

ក្នុងចំណោមទារកទាំងនោះខ្លះត្រូវបង្កើតតាមធម្មជាតិ និងខ្លះទៀតបង្កើតដោយការវះកាត់ តាមទិន្នន័យពីមន្ទីរពេទ្យបានបញ្ជាក់ថាទារកចំនួន ៥៦ នាក់មានភេទប្រុស និង ៥៩ នាក់ទៀតមានភេទស្រី ទោះបីជាម្តាយបានផ្ទុកនូវវីរុសកូវីដ-១៩ ក្តីប៉ុន្តែទារកទាំងអស់នៅតែបំបៅទឹកដោះម្តាយតាមធម្មតាដោយម្តាយត្រូវពាក់ម៉ាសការពារ។ ក្រុមគ្រូពេទ្យចំនួន ៦៥ នាក់ និងគិលានុបដ្ឋាយិកាចំនួន ២៤ នាក់បានរៀបចំគ្រែអ្នកជំងឺចំនួន ៤០ គ្រែដើម្បីមើលថែ និងព្យាបាលអ្នកម្តាយដែលទើបសម្រាលកូនហើយ។

ដោយសារកំណើននៃអ្នកឆ្លងបានកើនឡើង ខាងមន្ទីរពេទ្យក៏កំពុងតែមានគម្រោងបន្ថែមគ្រែចំនួន ៣៤ ទៀតសម្រាប់ស្ត្រីដែលកំពុងពរពោះ។ ប្រធានមន្ទីរពេទ្យ Gynaecology លោកវេជ្ជបណ្ឌិត Arun Nayak បានឱ្យដឹងថា ស្ត្រីភាគច្រើនដែលធ្វើតេស្តឃើញមានលទ្ធផលវិជ្ជមានមិនបានបង្ហាញនូវរោគសញ្ញាអ្វីទាំងអស់ ស្របពេលដែលស្រ្តីមួយចំនួនមានអាការក្តៅខ្លួន និងថប់ដង្ហើម។ ក្រោយសម្រាលកូនរួច ម្តាយដែលមានផ្ទុកវីរុសកូវីដ-១៩ នៅតែស្ថិតក្រោមការមើលថែជាពិសេស និងដាក់ឱ្យនៅដាច់ដោយឡែករហូតទទួលបានការព្យាបាលជាដាច់ទើបខាងមន្ទីរពេទ្យអនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះវិញ៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com