Connect with us

ពលរដ្ឋ គួរប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ និង ស្រាសរ ក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ចេញប្រកាសក្រើនរំលឹកពលរដ្ឋ អោយមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ និង ការពិសារស្រាសរ ក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌនេះ ។ ក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការបង្ការដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាព បណ្តាលមកពីការបរិភោគចំណីអាហារ ដែលនាំឲ្យក្អួត រាក និង ការពិសាស្រា រួមនឹងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬ ទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។

ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានលើកឡើងពីវិធានការបង្ការ៩ចំណុច ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់ ដែលរួមមាន ៖

  • ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
  • ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោបង់
  • លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
  • សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
  • ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
  • ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
  • កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី ២ម៉ោង
  • មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
  • បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ
  • បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ
  • កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

ចំពោះការពុលស្រា ក្រសួងសុខាភិបាល ក៏បានណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមពិសាគ្រឿងស្រវឹងក្នុងកំរិតតិចតួច និង ហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញានៃការពុលស្រា សូមស្វែងរកដំបូន្មានជាបន្ទាន់នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។ សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម