Connect with us

ចំណូលមេ Facebook កើនឡើងកប់ពពក ធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីទី៣ អំឡុងវិបត្តិកូវីដ១៩

អាមេរិក៖ ទោះបីជាវិបត្តិជំងឺកូវីដ១៩ បានកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Facebook បានរំកិលខ្លួនចំនួន ២ចំណាត់ថ្នាក់នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីកំពូលលើពិភពលោក ដោយលោកបានឡើងមកឈរនៅចំណាត់ថ្នាក់ទី៣ ជាមួយទ្រព្យសម្បត្តិ ៩៨,១ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg ចេញផ្សាយនាពេលថ្មីៗនេះ។

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg មានចំនួនតែជាង ៧២,៥ ពាន់លានដុល្លារប៉ុណ្ណោះ។

ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានកើនឡើងកប់ពពក បន្ទាប់ពីក្រុមហ៊ុន Facebook បានប្រកាសពីការស្ទុះឡើងនៃចំណូល ប្រចាំត្រីមាសទី១ នៃឆ្នាំ២០២០ ដោយទទួលបានចំនួន ៤៤ពាន់លានដុល្លារអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុននេះ បានបង្កើតមុខងារលក់ទំនិញអនឡាញ (Shops) ដោយសហការជាមួយអាជីវកម្មផ្សេងៗ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ នៅលើទំព័រមុខ Facebook ។

លោក Mark Zuckerberg នៅតែបន្តតាមពីក្រោយមហាសេដ្ឋី Bill Gates ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១០៨ពាន់លានដុល្លារអាមេរិក និងលោក Jeff Bezos ដែលឈរលេខ១ មានទ្រព្យសម្បត្តិ សរុបចំនួន ១៤៧ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ៕

ប្រភព៖ Bloomberg

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម