Connect with us

ផ្ទះកញ្ចក់តូចៗចំនួន ៥ ខ្នង នៅប្រទេសហុល្លង់ ត្រូវបានរចនាឡើងជាពិសេសសម្រាប់អតិថិជន អាចស្រស់ស្រូបអាហារពេលល្ងាច នៅមាត់ទឹកបានដោយសុវត្ថិភាព

ហុល្លង់៖ ក្រោយពីការផ្ទុះឡើងនៃវីរុសកូវីដ-១៩ កន្លែងជាច្រើន បានផ្អាកដំណើរការជាបណ្តោះអាសន្ន ក្នុងនោះក៏មានភោជនីយដ្ឋានផងដែរ ដែលជាកន្លែងប្រជុំដោយមនុស្សជាច្រើន អាចធ្វើឱ្យអាត្រាឆ្លងវីរុសកូវីដកើនឡើងបានដោយងាយ។

ស្របពេលដែលវីរុសកូវីដ-១៩ នៅមិនទាន់ស្ងប់បែបនេះ ភោជនីយដ្ឋានមាត់ទឹក Mediamatic ETEN នាទីក្រុង Amsterdam ប្រទេសហុល្លង់ បានបង្កើតផ្ទះកញ្ចក់តូចៗចំនួន ៥ ខ្នងដើម្បីបើកទទួលអតិថិជនធ្វើការកក់ទុកសម្រាប់ស្រស់ស្រូបអាហារពេលល្ងាចនៅខាងក្រៅបានតាមធម្មតា ដោយសុវត្ថិភាព ទោះបីជាកំពុងស្ថិតក្នុងស្ថានភាពវីរុសកូវីដ-១៩ ដ៏តឹងតែងក្តី។

គ្រាន់តែភោជនីយដ្ឋានមួយនេះបើកទទួលការកក់កន្លែងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២១ ខែឧសភាភ្លាម ក៏មានអតិថិជនសម្រុកធ្វើការកក់ទុកភ្លូកទឹកភ្លូកដីតែម្តង ដែលចំនួនអ្នកកក់កន្លែងក្នុងពេលបច្ចុប្បន្នគឺពេញរហូតដល់ចុងខែមិថុនាឯណោះ។

សម្រាប់ផ្ទះកញ្ចក់តូចនេះដែរ អាចផ្ទុកមនុស្សបានចំនួន ៣ នាក់ក្នុងមួយផ្ទះ ដែលអតិថិជនអាចទៅជាមួយគ្រួសារ ឬ មិត្តភ័ក្តិបានដោយការទុកចិត្ត ព្រោះមិនត្រឹមតែផ្ទះនីមួយៗរក្សាគម្លាតសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែបុគ្គលិកអ្នកលើកម្ហូបអាហារ ក៏រក្សាអនាម័យខ្ពស់ដោយពួកគេ តម្រូវឱ្យពាក់ស្រោមដៃ និងរបាំងការពារមុខ និងរក្សាគម្លាតពីអតិថិជន ពេលលើកម្ហូបដល់តុភ្ញៀវផងដែរ។

គួរបញ្ជាក់ដែរថា ប្រទេសហុល្លង់ នឹងអនុញ្ញាតឱ្យភោជនីយដ្ឋានបើកដំណើរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ៕

ប្រភព៖ 9GAG

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម