Connect with us

ភូមិវប្បធម៌ ប្រែមុខមាត់កាន់តែស្រស់ស្អាតខ្លាំង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនាភ្លូកទឹកភ្លូកដី

សៀមរាប៖ ភូមិវប្បធម៌ដែលទាំងអស់គ្នាបានស្គាល់ហើយថាជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីមួយកន្លែងប្រចាំខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនាទីនោះយ៉ាងច្រើនកុះករ ដោយសារទីនោះ បានបង្កើតឡើងនូវទស្សនីយភាពវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្មែរយើងជាច្រើន។

ភ្ញៀវទេសចរ អាចរីករាយជាមួយការសម្តែងរបាំប្រពៃណីខ្មែរ របាំប្រពៃណីរបស់ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា ការសម្តែងពីប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ព្រមទាំងទស្សនីយភាពដែលមានសម្តែងអំពីប្រវត្តិសាស្ត្រខ្មែរនាសម័យអង្គរក្នុងរាជ្យព្រះបាទជ័យវរ័្មនទី៧ ជាដើម។

បន្ថែមពីនេះផងដែរ ភូមិវប្បធម៌ ក៏មានសំណង់គំរូនៃផ្សារធំថ្មី ព្រះបរមរាជវាំង វត្តភ្នំ ភ្នំឧត្តុង្គ សំណង់គំរូនៃខ្ទមផ្ទះជនជាតិ ផ្ទះខ្មែរ វត្ត និងវិហារឥស្លាម។ មកទល់ពេលនេះ ភូមិវប្បធម៌បានអភិវឌ្ឍកន្លែងស្អាតៗជាច្រើនមានដូចជា សួនផ្កា សួនរូបចម្លាក់សត្វ ល្អាងទឹកធ្លាក់ជាដើមលើផ្ទៃដីដ៏ធំ សក្តិសមជាមួយអ្នកចូលចិត្តថតរូបជាមួយទេសភាពធម្មជាតិ ឬ ទេសភាពបែបកែច្នៃយ៉ាងស្រស់ស្អាត។

ការអភិវឌ្ឍនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរលាន់មាត់សរសើរជាខ្លាំង ថែមទាំងមានគម្រោងទៅទស្សនាភូមិវប្បធម៌ក្នុងពេលឆាប់ៗនេះទៀតផង៕

រូបភាព៖ ភូមិវប្បធម៌កម្ពុជា

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម