Connect with us

ជប៉ុន ប្រកាសបើកការប្រកួត Baseball អាជីពរដូវកាលថ្មី ២០២០

ជប៉ុន៖ លីគ Baseball អាជីពរបស់ជប៉ុន Nippon Professional Baseball នឹងចាប់ផ្តើមការប្រកួតរដូវកាល ២០២០ នៅថ្ងៃទី១៩ ខែមិថុនា ខាងមុខ។ នេះបើតាមការប្រកាសពីគណៈកម្មាធិការរៀបចំការប្រកួតកាលពីថ្ងៃចន្ទ។
ការប្រកាសឱ្យមានការប្រកួតឡើងវិញនេះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសជប៉ុន បានដកការរឹតបន្តឹងមួយចំនួន អំឡុងការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ទោះយ៉ាងណា ការប្រកួត នឹងធ្វើឡើងដោយមិនមានអ្នកគាំទ្រលើទីលានទេ ខណៈគណៈកម្មាធិការរៀបចំការប្រកួត ក៏មិនទាន់ប្រកាសពីពេលវេលា ពិតប្រាកដដែលអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាដោយផ្ទាល់ដែរ។
តាមពិតទៅ លីគ Nippon Professional Baseball ត្រូវដំណើរការតាំងពីថ្ងៃទី២០ ខែមីនា មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេល ដោយសារជំងឺរាតត្បាតខាងលើនេះ។

ចំពោះករណីថ្មីនៃការឆ្លងកូវីដ១៩ នាប្រទេសជប៉ុន មានការថយចុះគួរឱ្យកត់សម្គាល់ នាពេលចុងក្រោយនេះ ហើយស្ថានភាពអាសន្នដែលបានប្រកាសកាលពីខែមេសា ដើម្បីជួយបញ្ឈប់ការរាតត្បាត ត្រូវបានដកចេញជាបណ្តើរៗ ដែលនាំឱ្យកីឡាអាជីព ត្រូវបានអនុញ្ញាតឱ្យបន្តឡើងវិញ។
ការបើកការប្រកួត នៅពេលខាងមុខនេះ នឹងជាការប្រកួតកីឡាអាជីពដំបូងគេនៅប្រទេសជប៉ុន ចាប់តាំងពីត្រូវអសកម្មដោយសារកូវីដ១៩៕

Loading...

ពេញនិយម