Connect with us

គួរយល់ដឹង! ជំងឺរលាកស្បែក អាចបង្កទៅជាជំងឺរលាកសន្លាក់បាន

ការរលាកស្បែក អាចវិវឌ្ឍទៅជារលាកសន្លាក់បាន បើយើងកំពុងតែមានជំងឺរលាកស្បែកធ្ងន់ធ្ងរ។ ជាការពិតមនុស្សម្នាក់ក្នុងចំណោមបីនាក់នៃអ្នកជំងឺរលាកស្បែកនេះ អាចវិវឌ្ឍទៅជារលាកសន្លាក់ ដែលការវិវឌ្ឍនេះ អាចលេចចេញក្នុងរយៈពេលពី៥ទៅ១០ឆ្នាំ ក្រោយពីអ្នកជំងឺមានជំងឺរលាកស្បែក។ ខាងក្រោមនេះ ជាចំណុចសំខាន់ខ្លះៗដែលគ្នាយើងគួរយល់ដឹងដូចជាមូលហេតុ វិធីការពារ និងការព្យាបាលជំងឺរលាកស្បែកនេះ។

ទំនាក់ទំនងរវាងជំងឺរលាកស្បែក និងជំងឺរលាកសន្លាក់
ជំងឺរលាកស្បែក គឺជាជំងឺប្រឆាំងប្រព័ន្ធភាពស៊ាំដែលធ្វើឱ្យការលូតលាស់របស់កោសិកាស្បែកលឿនខុសធម្មតា។ ជំងឺនេះ ចេញជាសញ្ញាដូចជាបន្ទះរលាកដុំៗលើស្បែកដែលរមាស់ និងរឹងពេលដែលយើងប៉ះ។ បន្ទះទាំងនេះមើលទៅរឹង និងគ្រើមៗពណ៌ក្រហមនិងគែមពណ៌ស។

មួយវិញទៀតជំងឺរលាកសន្លាក់ដែលបណ្ដាលមកពីរលាកស្បែកអាចកើតមានក្នុងពេលណាមួយ។ សញ្ញានៃការរលាកសន្លាក់នេះរួមមានដូចជាហើម និងឈឺចាប់(នៅម្ដុំជង្គង់ កជើង និងជើង) ការហើមម្រាមដៃ និងម្រាមជើងអាចមើលទៅដូចសាច់ក្រក រឹងសន្លាក់ ដែលអាការៈនេះឧស្សាហ៍ជួបប្រទះនៅពេលព្រឹក ក្រចកកំពិត និងឈឺចង្កេះជាដើម។ ជំងឺនេះអាចបង្កឱ្យមានការអស់កម្លាំង និងពិបាកក្នុងការទប់លំនឹងទៀតផង។

ជំងឺទាំងពីរនេះ បើកើតក្នុងពេលតែមួយគេហៅថាជំងឺផ្សូរ៉ាស៊ីស (psoriatic) ហើយគ្មានមធ្យោបាយអ្វីដែលអាចបញ្ឈប់អាការៈទាំងនេះបាននោះទេ។ ប៉ុន្តែក៏មានវិធីព្យាបាល និងការផ្លាស់ប្ដូររបៀបរស់នៅខ្លះៗដែលអាចបន្ថយហានិភ័យនិងធ្វើឱ្យរាងកាយរបស់អ្នកជំងឺប្រសើរឡើង។

ហេតុអ្វីអ្នកខ្លះអាចវិវត្តពីរលាកស្បែកទៅរលាកសន្លាក់?

យើងគួរចងចាំថាជំងឺទាំងពីរនេះមិនអាចលេចចេញមុនក្រោយ ឱ្យយើងដឹងជាមុននោះទេ។ រវាងជំងឺទាំងពីរនេះ គឺមានរោគសញ្ញាប្លែកពីគ្នា អ្វីដែលដូចគ្នាគឺវាបង្កពីបញ្ហាប្រព័ន្ធភាពស៊ាំ។ សម្រាប់ការរលាកស្បែក នៅពេលដែលប្រព័ន្ធភាពស៊ាំយើងធ្វើការមិនបានល្អ កោសិកាស្បែក នឹងលូតលាស់ខុសធម្មតាដែលបង្កទៅជារលាកបាន។

ដូចគ្នានេះដែរទៅលើសន្លាក់វិញ ក៏បង្កមកពីប្រព័ន្ធភាពស៊ាំដែរ ដែលនៅក្នុងឈាម គោលិកាឈាមសចាប់ផ្ដើមប្រឆាំងនឹងខ្លួនឯងដោយទៅយាយីជាលិកាល្អផ្ទុយពីការការពារប្រឆាំងនឹងមេរោគទៅវិញ។ លទ្ធផលនោះ គឺទៅប្រឆាំងនឹងសន្លាក់នេះឯង។
ការព្យាបាលជំងឺរលាកស្បែក និងជំងឺរលាកសន្លាក់ដោយសារប្រព័ន្ធភាពស៊ាំ
យើងមានវិធីជាច្រើនក្នុងការព្យាបាលជំងឺទាំង២នេះ បើទោះបីជាសញ្ញានៃជំងឺនេះ មិនអាចចុះថយពេលដែលលេចឡើងលើស្បែក ឬ សន្លាក់ក៏ដោយ តែមានវិធីខ្លះៗដែលអ្នកជំងឺអាចយកទៅអនុវត្តបានដើម្បីការពារកុំឱ្យជំងឺរាលកាន់តែខ្លាំង។

ជាទូទៅគឺរបៀបរស់នៅប្រចាំថ្ងៃរបស់យើងតែម្ដងដែលជាកត្តារំញោចការកើតឡើងនៃជំងឺនេះ ហើយក៏ជាកត្តាដ៏សំខាន់បំផុតក្នុងការទប់ស្កាត់ការឆ្លើយតបខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់សារពាង្គកាយយើង។ សម្រាប់អ្នកខ្លះ ស្ត្រេសគឺជាកត្តាចម្បងក្នុងការធ្វើឲ្យមានការរលាកស្បែកបាន។ ដូចនេះហើយការគ្រប់គ្រងស្ត្រេស និងការរំសាយស្ត្រេសគឺវិធានការដ៏ល្អ ដូចជា ការហាត់ដកដង្ហើម ហាត់យូហ្កា និងការធ្វើសមាធិ ដើម្បីជួយទប់កុំឱ្យសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ។

ដូចគ្នានេះដែរការរលាកសន្លាក់ស្រួចស្រាលក៏អាចព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ដូចជាអ៊ីប៊ុយប្រូហ្វែន (ibuprofen) និងណាប្រូសែន (naproxen)។ ប្រភេទថ្នាំជំពូកថ្មីដែលទើបតែចេញហៅថាថ្នាំជីវៈ (biologic drugs) ក៏អាចប្រើបានដែរ។ ថ្នាំប្រភេទនេះ ប្រើហើយគឺជួយទៅបន្ថយសកម្មភាពរបស់ប្រព័ន្ធភាពស៊ាំ ដែលធ្វើការខុសប្រក្រតីនោះ ដូចជាប្រើថ្នាំ methrotrexate។ អ្នកជំងឺគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសជាមុនសិនមុននឹងប្រើថ្នាំប្រភេទនេះ ព្រោះអាចនឹងត្រូវប្រើក្នុងកម្រិតទាបជាងថ្នាំពេទ្យទូទៅ។

ជំងឺសន្លាក់ប្រភេទនេះគឺកាន់តែឆាប់ព្យាបាលគឺកាន់តែប្រសើរ ដើម្បីបន្ថយការខូចខាតទៅលើសន្លាក់។ មនុស្សភាគច្រើនតែងព្រងើយកន្តើយនៅពេលជំងឺនេះនៅស្រាល និងទុករហូតដល់ធ្ងន់ធ្ងរហួសពេល។ យើងត្រូវប្រុងប្រយ័ត្នជានិច្ច ប្រសិនបើមានសញ្ញាសង្ស័យលេចឡើង ដូចជាឈឺសន្លាក់ ឬ ខ្សោយ ពិសេសករណីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា យើងមានជំងឺនេះធ្ងន់ធ្ងរពីមុនមកហើយ។ ការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាគឺការសំខាន់ក្នុងការរក្សាសុខុមាលភាពសុខភាពរបស់អ្នកជំងឺ និងកាត់បន្ថយផលវិបាកទៅថ្ងៃក្រោយ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម