Connect with us

តោះមកមើលរដូវប្រមូលផលដំណាំ នារដូវស្លឹកឈើជ្រុះ នៅក្នុងប្រទេសចិន ខណៈកសិករ កំពុងមមាញឹកក្នុងការប្រមូលផលដំណាំរបស់ពួកគេ

ប្រទេសចិន ៖ កសិករនៅទូទាំងប្រទេសចិន កំពុងមមាញឹកប្រមូលផលដំណាំជាខ្លាំង នារដូវស្លឹកឈើជ្រុះនេះ ដោយគេប្រមូលផលដំណាំជាច្រើនដូចជា ស្មៅសម្រាប់ធ្វើជាចំណីសត្វ មើមយ៉ិនស៊ិនពណ៌សរ ដំឡូង ស្រូវ និងផ្លែឃីវី ជាដើម។

នៅទីក្រុង អា ហរឈីន ប៉ានន័រ (Ar Horqin Banner) ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង នៅភាគខាងជើងប្រទេសចិន គេអាចចាប់ផ្តើមប្រមូលផល ស្មៅមួយប្រភេទដែលយកមកធ្វើជាចំនីសត្វបានហើយ នៅលើដីចំការដ៏ធំមួយកន្លែង។ នេះគឺជាពេលដ៏ល្អបំផុតសម្រាប់ប្រមូលផលស្មៅនេះ ពីព្រោះវាចាប់ផ្តើមចេញផ្កា ដែលធ្វើឱ្យវាកាន់តែមានជីវជាតិ។ នៅលើចំការស្មៅ ប្រហែល៣៣ហិចតា គេអាចប្រមូលផលស្មៅបានប្រហែល ៤០០តោន។ ដំណាំនេះ បានក្លាយទៅជាទិន្នផល ដ៏មានតម្លៃមួយ ចាប់តាំងពីពេលដែលអាជ្ញាធរមូលដ្ឋាន បានចាប់ផ្តើមដាំវា នៅតំបន់ដីស្ងួត កាលពីឆ្នាំ២០១១មក ។

សព្វថ្ងៃ គេដាំស្មៅប្រភេទនេះ នៅលើដីទំហំប្រហែល៧ម៉ឺន ៣ពាន់ហិចតា នៅទីក្រុង អា ហរឈីន ប៉ានន័រ ដោយបង្កើតទិន្នផលបាន ៦សែន៥ម៉ឺនតោន នៅក្នុងមួយឆ្នាំ ដែលស្មើនឹង១ភាគ៥នៃទិន្នផលសរុបនៃស្មៅប្រភេទនេះ នៅក្នុងប្រទេសចិនទាំងមូលតែម្តង ។ ទិន្នផលស្មៅពីទីក្រុងនេះ រកប្រាក់ចំ នូលបានជិត១សែន ៩ម៉ឺនលានដុល្លារ អាមេរិក។ នៅឯខេត្ត អានហួយ (Anhui)ប៉ែកខាងកើតប្រទេសចិនឯណោះវិញ កសិករកំពុងញាប់ដៃដកមើម យ៉ិនស៊ិនពណ៌សរ ។ តំបន់នេះ មានគេដាំយ៉ិនស៊ិនពណ៌សរ ជាង២ពាន់ឆ្នាំមកហើយ។

ឯដំឡូងជ្វាដ៏ផ្អែមនៅតំបន់ ឈាវសៀន (Qiuxian) ខេត្ត ហ័រប៉ី (Hebei) ប៉ែកខាងជើងប្រទេសចិន ក៏ដល់ពេលដែលត្រូវប្រមូលផលហើយដែរ។ ដំឡូងជ្វាពណ៌ក្រហមឆ្អៅទាំងនេះ គឺជាពូជដំណាំថ្មីដែលទើបតែនាំចូលពីបរទេសកាលពី២ឆ្នាំមុន ហើយអ្នកស្រុកនៅទីនេះហៅវាថា ដំឡូងទឹកឃ្មុំ ដោយសារវាមានរសជាតិផ្អែមខ្លាំង។ ហើយផលដំឡូងទាំងអស់នៅតំបន់ ឈាវសៀន នេះ គឺមានអតិថិជនតាមអនឡាញ កក់ទុកអស់ទៅហើយ។ ដំឡូងខ្លះ អាចលក់បានតម្លៃដល់ទៅជាង៥ដុល្លារក្នុង១គីឡូក្រាមក៏មាន។

នៅតំបន់ ហ្វឹងស៊ីន (Fengxin) វិញ កសិករប្រហែល២ម៉ឺននាក់ មកពីជាង៦ពាន់គ្រួសារ កំពុងដាំផ្លែឃីវី នៅលើដីសរុបប្រហែល៥ពាន់ហិចតា។ ផ្លែនេះ គឺផុយស្រួយបន្តិច ដូច្នេះគេត្រូវប្រមូលវា ដោយដៃទើបបាន។ ដូច្នេះកសិករនៅទីនេះ មានការងារត្រូវធ្វើច្រើនណាស់។ នៅខេត្ត ហីឡុងជាំង (Heilongjiang) ឯណោះវិញ កសិករកំពុងដាំស្រូវតាមរូបមន្ត ៥លើ១ ដោយគេដាំស្រូវ ផ្លែឈើ ជី ចិញ្ចឹមត្រីនិងសត្វល្អិត នៅលើដីស្រែតែមួយ តែម្តង។ ហើយពេលនេះ ក៏ដល់ពេលដែលគេត្រូវច្រូតស្រូវហើយដែរ។

ដីស្រែមួយដុំធំនេះ ផលិតស្រូវសរីរាង្គបានសរុប១៦០តោន ដែលមានតម្លៃ៤ម៉ឺន៥ពាន់ដុល្លារអាមេរិក ឯទិន្នផលដែលបានមកពីផ្លែឈើ ជី និង ត្រីវិញ គឺមានតម្លៃ៤ម៉ឺន១ពាន់ដុល្លារអាមេរិក។ ដូច្នេះ រូបមន្តដាំស្រូវប្រភេទនេះ ផ្តល់អត្ថប្រយោជន៍ដល់កសិករនៅទីនេះ ទាំងផ្នែកលុយកាក់ផង និងទាំងផ្នែកជីវជាតិផង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម