Connect with us

ផ្ទុះការរិះគន់ទៅលើទង្វើប៉ូលិស១ក្រុម ដែលធ្វើឱ្យបុរសម្នាក់ស្លា ប់ នៅអាមេរិក

អាមេរិក៖ ប៉ូលិសចំនួន ៤រូប នៅរដ្ឋមីនណេសូតា សហរដ្ឋអាមេរិក ត្រូវបានបណ្ដេញចេញពីតួនាទី បន្ទាប់ពីពួកគេ បានធ្វើឱ្យបុរសម្នាក់ បានស្លាប់ ហើយត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។

ក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ជនរងគ្រោះ ឈ្មោះ George Floyd បាននិយាយទាំងត្រដរថា៖ “ខ្ញុំមិនអាចដកដង្ហើមបានទេ” ខណៈប៉ូលិសម្នាក់ បានប្រើជង្គង់សង្កត់ករបស់បុរសរូបនោះ ដែលកំពុងក្រាបនឹងដី។ ទីភ្នាក់ងារ FBI បានអះអាងថា ខ្លួនកំពុងស៊ើបអង្កេតករណីនេះ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ។

ស្នងការនគរបាលរដ្ឋមីនណេសូតា លោក Medaria Arradondo បានបញ្ជាក់ថា មន្ត្រីចំនួន ៤រូបដែលពាក់ព័ន្ធនឹងករណីខាងលើ ត្រូវបានបញ្ចប់តួនាទី កាលពីល្ងាចថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។ ចំណែក ជនរងគ្រោះ ដែលមានអាយុ ៤៦ឆ្នាំ និងបម្រើការជាសន្តិសុខនៅភោជនីយដ្ឋានមួយ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ករណីនេះ ត្រូវបានមតិជាច្រើនលើកឡើងពីការរើសអើងពណ៌សម្បុរ រវាងជនជាតិស្បែកស និងជនជាតិស្បែកខ្មៅ នៅក្នុងសង្គមអាមេរិក។ ហេតុការណ៍ស្រដៀងគ្នានេះ ក៏ធ្លាប់កើតមានផងដែរ កាលពីឆ្នាំ២០១៤ នៅទីក្រុងញូវយ៉ក នៅពេលដែលបុរសស្បែកខ្មៅម្នាក់ បានស្លាប់ បន្ទាប់ពីប៉ូលិសបានឃាត់ខ្លួន។

ចំពោះករណីបុរសឈ្មោះ George Floyd ខាងលើ សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះ ត្រូវបានសង្ស័យថា បានប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ ដែលមានចំនួន ២០ដុល្លារ នៅក្នុងហាងលក់ទំនិញមួយ។ បន្ទាប់មក ប៉ូលិសបានឃើញបុរសខាងលើ អង្គុយក្នុងរថយន្ត នៅទីតាំងកើតហេតុ រួចបញ្ជាឱ្យចេញ តែជនសង្ស័យមិនព្រម ក៏បណ្ដាលឱ្យប៉ូលិសចាប់វាយខ្នោះ ដោយផ្ដួលទៅនឹងដី ហើយប៉ូលិស បានប្រើជង្គង់សង្កត់ក បុរសនោះ រហូតដល់ចេញឈាមតាមច្រមុះ មុននឹងជនរងគ្រោះបាត់បង់ស្មារតី ហើយរថយន្តសង្គ្រោះបន្ទាន់ ក៏បានទៅដល់កន្លែងកើតហេតុផងដែរ៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម