Connect with us

បែងចែកឱ្យច្បាស់រវាងរូបសំណាកសិលាចាំប្តី និងរូបសំណាកស្រីស នៅឆ្នេរកែប

សង្គម៖ ដូចដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានដឹងហើយពីរូបសំណាកស្រីស ស្ថិតនៅខេត្តកែប ដែលជារមណីយដ្ឋានដ៏ល្បីមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមនុស្សជាច្រើនមានការភាន់ច្រឡំថា ជារូបសំណាកសិលាចាំប្តី។ ប៉ុន្តែជាក់ស្តែងរូបសំណាកស្រីស ដែលមិនមានសម្លៀកបំពាក់បិទបាំង នៅល្វែងលើនៅឆ្នេរកែបនេះ មិនមែនជារូប សិលាចាំប្តី ឡើយ ផ្ទុយទៅវិញនេះគ្រាន់តែជារូបសំណាកដែលស្ថាបនាឡើងសំដៅលើជនបរទេសដែលរាល់ពេលពួកគេទៅលេងទឹកម្តងៗតែងមិនមានសម្លៀកបំពាក់បិទបាំងជិតល្អដូចប្រជាជនខ្មែរយើងឡើយ។

យោងតាមសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា រូបសំណាកស្រីសនេះជាគំនិតផ្តួចផ្តើមសាងសង់ឡើងដោយអតីតរដ្ឋបាលខេត្ត ទឹម ដុង ដោយលោកជ្រើសរើសយកទម្រង់មុខស្ត្រីខ្មែរជាគំរូដែលរូបសំណាកនេះមានកម្ពស់ ៣ ម៉ែត្រអង្គុយបែរទៅផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនាខេត្តកែប រហូតមកដល់សព្វថ្ងៃ។

យ៉ាងណាមិញ ដោយសារតែមនុស្សភាគច្រើន មានការយល់ច្រឡំរូបសំណាកស្រីសថាជារូប សិលាចាំប្តី នោះបានធ្វើឱ្យរូបសំណាកសិលាចាំប្តី ពិតប្រាកដដែលកប់ក្នុងព្រៃមិនមានអ្នកស្គាល់ច្រើនឡើយ។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ឃើញមានអ្នកលេងបណ្តាញសង្គម បានចែករំលែករូប សិលាចាំប្តី ពិតប្រាកដ គឺស្ថិតនៅក្នុងឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ ឯណោះទេ។

រូបសំណាកនារីម្នាក់ឈរទូលស្លឹកចេកទឹកមុខក្រៀមក្រំពោរពេញទៅដោយទុក្ខកង្វល់ក្នុងចិត្ត បានឈររង់ចាំប្តីរហូតដល់ដាច់បាយក្រហាយទឹកដល់ស្លាប់ខ្លួន ដែលផ្ទាំងថ្មនៅមុខរូបសំណាកបានបញ្ជាក់ថ្ងៃដែលនាង សិលា ទទួលមរណកាល នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ប៉ុន្តែមិនបានបញ្ជាក់ថាក្នុងថ្ងៃណាឡើយ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម