Connect with us

ក្រុមគ្រូពេទ្យនៅអឺរ៉ុបប្រឈមនឹងជំងឺផ្លូវចិត្តដោយសារ COVID-19

តាំងពីមានការផ្ទុះឡើងជំងឺ COVID-19 កាលពីធ្នូ ឆ្នាំ២០១៩ មក និងមានការរាលដាលជុំវិញពិភពលោករួមទាំងមានអ្នកស្លាប់កាន់តែច្រើនឡើង ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាអាចនឹងជួបវិបត្តិផ្លូវចិត្តដោយសារភាពតានតឹង និងការថប់បារម្ភដែលបង្កដោយស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ និងការស្លា ប់របស់អ្នកជំងឺ។
បច្ចុប្បន្នអ្នកជំនាញក្នុងបណ្ដាប្រទេសនៅអឺរ៉ុបត្រូវការការគាំទ្របន្ថែមដើម្បីដោះស្រាយផលប៉ះពាល់ផ្លូវចិត្តរបស់បុគ្គលិកមន្ទីរពេទ្យទាំងអស់ ជាពិសេសបើមានការឆ្លងរាលដាលជំងឺជាលើកទី២។ លោក Noel អ្នកចិត្តវិទ្យានៅទីក្រុង Brussel បានលើកឡើងថាអ្នកដែលគួរបារម្ភខ្លាំងបំផុតគឺគិលានុបដ្ឋាយិកាព្រោះពួកគេនៅមើលថែអ្នកជំងឺស្ថានភាពធ្ងន់ធ្ងរ និងអ្នកជំងឺដែលស្លា ប់យ៉ាងជិតដិត។

ម៉្យាងទៀតអ្នកទាំងនោះជួបប្រទះនឹងការស្លាប់ផ្សេងៗដែលពិបាកក្នុងការទទួលយក និងមិនមានសមាជិកគ្រួសារនៅជិត និងគាំទ្រដល់ពួកគេ។
នៅប្រទេសប៊ែលហ្សិក ការសិក្សាជាច្រើនបានបង្ហាញថា ចំនួនអ្នកបម្រើការងារផ្នែកសុខាភិបាល មានច្រើនជាងធម្មតាទ្វេដង បានគិតពីការលាឈប់ពីការងារនេះ និងកម្រិតនៃភាពមិនសប្បាយចិត្តគឺខ្ពស់ជាងធម្មតាដល់ទៅបួនដង។ ការសិក្សាផ្សេងទៀតបានរកឃើញថាការផឹកគ្រឿងស្រវឹងគឺមានចំនួនច្រើនជាងផ្នែកផ្សេងដែរ ចំពោះអ្នកធ្វើការក្នុងវិស័យសុខាភិបាល។
រីឯនៅប្រទេសបារាំង សមាគមគាំទ្របុគ្គលិកសុខាភិបាលបាននិយាយថាពួកគេទទួលការហៅចូលជាង៧០ដងក្នុងមួយថ្ងៃពីក្រុមគ្រូពេទ្យទាក់ទងនឹងវិបត្តិនេះ ហើយប្រហែលជា៧នាក់ក្នុងចំណោម១០នាក់ជាមនុស្សស្រី និងបង្ហាញពីហានិភ័យក្នុងការសម្លាប់ខ្លួនផងដែរ។

នៅប្រទេសអេស៉្បាញវិញ អ្នកធ្វើការក្នុងវិស័យសុខាភិបាលជាង ៥០ ០០០នាក់តេស្ដវិជ្ជមាន COVID-19 ស្មើនឹង២២%នៃចំនួនឆ្លងសរុបក្នុងប្រទេស។ ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Madrid រកឃើញថាក្នុងចំណោមគ្រូពេទ្យ ១២០០នាក់មានច្រើនជាងពាក់កណ្ដាលមានរោគសញ្ញាធ្លាក់ទឹកចិត្ត។ ការសិក្សានេះក៏បានបង្ហាញថាប្រហែល៥៣% អាចនឹងមានជំងឺផ្លូវចិត្ត post-traumatic stress (អាការៈស្ត្រេសក្រោយឧប្បត្តិវហេតុអ្វីមួយ)។

នៅប្រទេសអ៊ីតាលីវិញ គ្រូពេទ្យ៩នាក់ក្នុងចំណោម១០នាក់មានបញ្ហាផ្លូវចិត្តដោយសារភាពតានតឹង ហើយពួកគេពិបាកក្នុងការគេង និងមានការភ័យខ្លាចនៅពេលយប់ផងដែរ។
អ្នកស្រាវជ្រាវ Serena Barello បានលើកឡើងទៀតថាជាធម្មតាការងារក្នុងវិស័យសុខាភិបាលនេះគឹមានភាពតានតឹងស្រាប់ហើយ ប៉ុន្តែកម្រិតនៃភាពតានតឹងនេះបានកើនឡើងដោយសារបន្ទុកការងារកាន់តែច្រើន លក្ខខណ្ឌការងារពិបាក និងភាពមិនដឹងច្បាស់ពីវីរុសនេះ។ បុគ្គលិកសុខាភិបាលមិនត្រឹមតែលះបង់សុខភាពផ្លូវកាយទេ តែលះបង់ទាំងផ្លូវអារម្មណ៍ និងផ្លូវចិត្តទៀតផង។
អ្នកដឹកនាំមូលនិធី Laura Hyde ប្រទេសអង់គ្លេសក៏បានបន្ថែមទៀតថាយើងគួរជួយផ្តល់ការគាំទ្រដល់ក្រុមគ្រូពេទ្យ ជាពិសេសផ្លូវចិត្តរបស់អ្នកទាំងនោះដូចពេលដែលក្រុមគ្រូពេទ្យបានជួយយើងដែរ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម