Connect with us

ស្ដ្រីមេដឹកនាំរបស់នូវែលហ្សេឡង់ ដឹកនាំការប្រយុទ្ធនឹងកូវីដ១៩ ឱ្យសាបសូន្យពីប្រទេសនេះ

នូវែលហ្សេឡង់៖ លោកស្រី ចាស៊ីនដា អាតដឺន (Jacinda Ardern) នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលហ្សេឡង់ បានជួយឱ្យប្រទេសនេះ កម្ចាត់បានទាំងស្រុងនូវជំងឺរាតត្បាតកូវីដ១៩ ដោយមិនមានអ្នកឆ្លងថ្មី ហើយអ្នកដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក៏ត្រូវបានជាសះស្បើយទាំងអស់ផងដែរ។

ក្រសួងសុខាភិបាលនូវែលហ្សេឡង់ បានប្រកាសកាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញថា ប្រទេសខ្លួន មិនមានជំងឺកូវីដ១៩ទៀតឡើយ បន្ទាប់ពីអ្នកជំងឺចុងក្រោយ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ ប្រជាពលរដ្ឋ បានធ្វើការអបអរសាទរចំពោះវិធានការទប់ស្កាត់វីរុសកូវីដ១៩ របស់លោកស្រី ចាស៊ីនដា អាតដឺន នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ដែលបានដាក់ចេញទាន់ពេលវេលា ខណៈប្រទេសនេះ បានរកឃើញករណីឆ្លងដំបូង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ។ លោកស្រីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការបិទប្រទេសទាំងមូល។

ការឆ្លើយតបទាន់ពេលវេលា ធ្វើឱ្យការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសនូវែលហ្សេឡង់ មានត្រឹមតែ ១៥០៤ករណី និងស្លាប់តែ ២១ករណី ហើយគិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ប្រទេសនេះ មិនមានរកឃើញករណីឆ្លងថ្មីទៀតឡើយ។

លោកស្រី ចាស៊ីនដា អាតដឺន ត្រូវបានការសិក្សាស្រាវជ្រាវមួយរកឃើញថា លោកស្រីទទួលបានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនូវែលហ្សេឡង់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីជាបន្តទៀត។ ការសិក្សា Reid Research បានឱ្យដឹងថា លោកស្រីទទួលបានសំឡេងគាំទ្រ ៦០% ដែលមានការកើនឡើង ២០% គិតចាប់ពីការបោះឆ្នោតកន្លងទៅ។ ក្នុងនោះ ការសិក្សាដដែលរកឃើញថា ប្រជាពលរដ្ឋ ៩២% គាំទ្រនូវវិធានការឆ្លើយតបនឹងកូវីដ១៩ របស់លោកស្រី អាតឌឺន៕

ប្រភព៖ Daily Mail

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម