Connect with us

សហស្ថាបនិកនៃបណ្តាញចែករំលែករូបថត Instagram, លោក Kevin Systrom និង Mike Krieger បានសម្រេចចិត្តចាកចេញពីក្រុម Facebook

លោក Kevin Systrom និង Mike Krieger សហស្ថាបនិក Instagram ដែលបានបង្កើតឡើងនៅឆ្នាំ ២០១០ បានប្រកាសកាលពីដើមសប្ដាហ៍នេះ ថា លោកទាំង២ នឹងចាកចេញពីក្រុមហ៊ុនហ្វេសប៊ុកនាពេលឆាប់ៗខាងមុខ ។ កាលពីឆ្នាំ ២០១២ ក្រុម Facebook បានទិញ Instagram ក្នុងតំលៃជាសាច់ប្រាក់ ១ពាន់លានដុល្លា និងភាគហ៊ុន ដែលមានអ្នកប្រើប្រាស់ជាង១ពាន់លាននាក់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក Kevin Systrom ដែលមានមុខងារជានាយកប្រតិបត្តិ និង លោក Mike Krieger ជាប្រធានបច្ចេកទេស បានសរសេរថា លោកទាំងពីរ រីករាយ ក្នុងការសហការជាមួយក្រុមហ៊ុនហ្វេសប៊ុក ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ដោយការចាប់ដំបូងមានមនុស្សតែ១៣នាក់ រហូតដល់បច្ចុប្បន្នមានបុគ្គលិករហូតដល់រាប់ពាន់នាក់ និងការិយាល័យទូទាំងពិភពលោក ។ តែពេលនេះ វាពេលវេលាមួយដែលតម្រូវឱ្យលោកទាំងពីរត្រូវចាកចេញ ដើម្បីយកពេលសម្រាកបន្ដិចសិន និង ដើម្បីចាប់ផ្ដើមបើកនូវទំព័រថ្មីទៀតសម្រាប់អនាគតរបស់ Instagram ។


នៅក្នុងឆ្នាំ២០១៨ នេះ ជារយៈពេលមួយដែលធ្វើឱ្យ លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមងហ៊ុនហ្វេសប៊ុក បានទទួលរងនូវភាពតានតឹងជាច្រើន ដែលមានដូចជា៖

  1. ហ្វេសប៊ុកបានស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងក្លានៅឆ្នាំនេះ លើបញ្ហាការពារទិន្នន័យអតិថិជន និងការប្រើប្រព័ន្ធវេទិកាមិនត្រឹមត្រូវរបស់អ្នកដែលមានបំណងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងនយោបាយផងដែរ។
  2. ក្នុងខែមេសាកន្លងមក សហស្ថាបនិកមួយរូបរបស់ Whatsapp និងក្រុមប្រឹក្សាភិបាលរបស់ហ្វេសប៊ុក បានសម្រេចចិត្តចាកចេញ។
  3. មកដល់ពេលនេះ ជាពេលវេលាចាកចេញមួយទៀតរបស់ សហស្ថាបនិក Instagram។

បើតាមព័ត៌មានរបស់ TechCrunch បានបង្ហាញថា ភាពតានតឹងរបស់ Facebook និង Instagram បានចាប់ផ្ដើមឡើងនាកំឡុងឆ្នាំនេះ ដោយមានភាពមិនចុះសម្រុងមួយចំនួន ពាក់ព័ន្ធនឹងឯករាជភាពរបស់ Instagram និងការដឹកនាំរបស់ Facebook។ បើតាមប្រវត្តិនៃការចាប់ផ្ដើមដំបូង លោក Mark Zuckerberg និង Kevin Systrom បានសហការជាមួយគ្នាដោយរលូន និងត្រូវគ្នាណាស់ តែពេលវេលា និងការងារជាច្រើន ត្រូវបានបន្តដោយមានចក្ខុវិស័យផ្ទុយពីគ្នា។


ភាពមិនត្រូវគ្នា ត្រូវបានគេកត់សំគាល់ ទៅលើដំណើរការមួយចំនួនលើទំព័រហ្វេសប៊ុក ដែលត្រូវបានខ្វែងគំនិតគ្នា ។ លោក Mark Zuckerberg ចង់ឱ្យផលិតផលដែលផ្សាយលើ Instagram ត្រូវផ្សាយលើ Facebook ។ តែក្រោយមកទៀត ស្ថានភាពនៃកិច្ចសហការកាន់តែអាក្រក់ទៅៗ ដោយលោក Mark Zuckerberg បានសម្រេចចិត្ត ឱ្យលុបចោលតំណរភ្ជាប់ទាំងឡាយរបស់ Instagram ចេញពី Facebook វិញ។ សូមបញ្ជាក់ថា ពីមុននៅលើហ្វេសប៊ុកយើងឃើញមានតំណរភ្ជាប់ផ្ទាល់មួយទៅ Instagram តែក្រោយមកត្រូវបានលុបចោលវិញ។


បើតាមប្រភព BBCវិញ គេយល់ថា ភាពតានតឹង បានចាប់ផ្តើមឡើងរវាងលោក Systrom និងលោក Zuckerberg តាំងពីឆ្នាំ២០១៤មកម្លេះ នៅពេលដែលក្រុមហ៊ុន Facebook បានសម្រេចចិត្តទិញ WhatsApp ដែលបានចំណាយទឹកប្រាក់ប្រមាណ១៩ពាន់លានដុល្លាអាមេរិក ដែលធ្វើឱ្យសហស្ថាបនិករបស់ Instagram មានការព្រួយបារម្ភ។ ជាងនេះទៅទៀត លោក Systrom ក៏បានឃើញ Snapchat រីកចម្រើន ហើយកម្មវិធីមួយដែលហ្វេសប៊ុកបានព្យាយាមចែចូវ តែត្រូវបរាជ័យក្នុងការទិញយក ។
ប្រភពផ្សេងទៀត បាននិយាយថា “រឿងអាស្រូវនេះ គឺថាលោក Kevin បានបង្កើតផលិតផលដែលទទួលបានជោគជ័យច្រើន” ។

មានរបាយការណ៍ជាច្រើន បង្ហាញថា លោក Systrom បានខិតខំរក្សាឯករាជ្យភាពរបស់ Instagram ហើយថារឿងនេះ នឹងធ្វើឱ្យបុគ្គលិកនៅលើ Facebook និង Instagram មិនសូវមានទំនោរនឹងសហការគ្នានោះទេ ។
ដូច្នេះ តើមានអ្វីដែលនឹងក្លាយជារបស់ Instagram ឥឡូវនេះ? អ្នកយកព័ត៌មានបច្ចេកវិទ្យា BBC អាមេរិកខាងជើង បានធ្វើការវិភាគថា ក្រុមហ៊ុននេះ ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនដាច់ដោយឡែកមួយ ដែលមានកម្មសិទ្ធិដោយហ្វេសប៊ុក ជាជាងគ្រាន់តែជានាយកដ្ឋាន ឬផ្នែកមួយព្រោះវាជាវប្បធម៌របស់ Instagram ដែលបានធ្វើឱ្យវាមានតម្លៃខ្ពស់។
លោក Kevin Systrom និងលោក Mike Krieger ក៍បានទទួលខុសត្រូវដែរចំពោះវប្បធម៌នោះ ព្រោះថាគំនិតទាំងមូលនៃកម្មវិធី មានលក្ខណៈជាច្រើនប្រឆាំងនឹងហ្វេសប៊ុក៕

ប្រែសម្រួលដោយ៖ ជា ប៊ុនធឿន

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម