Connect with us

កំណាយនៅស្ថានីយល្អាងស្ពានជាង១ទសវត្សរ៍មកនេះ បានលាតត្រដាងនូវសកម្មភាពមនុស្សជា ៣ដំណាក់កាលខុសគ្នា

បាត់ដំបង៖ យោងតាមអត្ថបទចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ, ក្រុមការងារសិក្សាស្រាវជ្រាវ ដែលបានធ្វើការងារអស់រយៈពេលជាង១ទសវត្សរ៍កន្លងមក នៅស្ថានីយល្អាងស្ពាន នៅក្នុងខេត្តបាត់ដំបង បានរកឃើញសំណល់ផ្សេងៗ ដែលបញ្ជាក់ពីសកម្មភាព និងជីវភាពរស់នៅរបស់ក្រុមមនុស្ស ដូចជាឧបករណ៍ប្រើប្រាស់ធ្វើពីថ្មបំបែក ថ្មរំលីង កុលាភាជន៍ សំណល់ឆ្អឹងសត្វច្រើនប្រភេទ សំបកខ្យង គ្រំ គ្រឿងអលង្គការធ្វើពីថ្ម និងចង្កូមសត្វ និងផ្នូរសពចំនួន៦។

លទ្ធផលបឋម ដែលបានមកពីការសិក្សាវិភាគទៅលើស្រទាប់ដីរួមជាមួយវត្ថុផ្សេងៗប្រមូលបានពីកំណាយនៅស្ថានីយល្អាងស្ពាន បង្ហាញថា នៅទីនោះ មានសកម្មភាពរបស់មនុស្សជា ៣ដំណាក់កាលខុសគ្នា ក្នុងរយៈពេលចន្លោះពី ៧១០០០ឆ្នាំ ដល់ ៣៣០០ឆ្នាំ មុនសម័យបច្ចុប្បន្ន។

វប្បធម៌ ៣សំខាន់គឺ៖ ថ្មរំលីង, វប្បធម៌ហាវប៊ីនញៀន និងវប្បធម៌ថ្មបំបែក ដែលចាស់ជាងវប្បធម៌ហាវប៊ីនញៀន។ កាលបរិច្ឆេទ នៃវប្បធម៌ទាំងបី ដែលក្រុមការងារស្រាវជ្រាវទទួលបាន នាពេលនេះ គឺធ្វើតាមបច្ចេកទេសវិភាគបែបវិទ្យាសាស្រ្ត រួមមាន (វិទ្យុសកម្មកាបូន១៤, OSL និង U-Th) លើស្រទាប់ដីខុសៗគ្នា ចាប់ពីផ្ទៃខាងលើដល់ជម្រៅ៥ម៉ែត្រ។

ក្នុងជម្រៅដីប្រហែល៥ម៉ែត្រ គឺបង្ហាញពីភស្តុតាងនៃការតាំងទីរបស់ក្រុមមនុស្សសម័យថ្មបំបែក ដែលមានអាយុប្រហែល ៧១០០០ឆ្នាំមុន។ ក្រុមមនុស្សនៅក្នុងសម័យនេះគឺជាក្រុមពនេចរ រស់ដោយចាប់សត្វ និងប្រមូលអនុផលព្រៃឈើ សម្រាប់ចិញ្ចឹមជីវិត ពួកគេយកល្អាងភ្នំជាជម្រក។

បន្ទាប់មកមានក្រុមមនុស្សមួយក្រុមទៀត ក៏ជាក្រុមអ្នកប្រមាញ់ និងប្រមូលអនុផលព្រៃឈើដែរ ហើយជាទូទៅ អ្នកស្រាវជ្រាវចាត់ទុកជាក្រុមមនុស្សស្ថិតក្នុងវប្បធម៌មួយឈ្មោះ “ហាវប៊ីញៀន”។ មនុស្សក្រុមនេះ ក៏ជាក្រុមពនេចរ ហើយពួកគេក៏យកល្អាងភ្នំជាជម្រកដូចក្រុមមុនដែរ។ ភស្តុតាងរបស់ក្រុមនេះ នៅល្អាងស្ពាន គឺនៅក្នុងស្រទាប់ដីមានអាយុចន្លោះពី ១១០០០ឆ្នាំមុនដល់ ៥០០០ឆ្នាំមុន។ ភស្តុតាងទាំងនោះ រួមមានសំណល់ឆ្អឹងសត្វច្រើនសន្ធឹកសន្ធាប់របស់សត្វប្រភេទផ្សេងៗ រួមជាមួយឧបករណ៍ថ្មបំបែកផលិតពីដុំក្រួសយកចេញពីបាតស្ទឹង ដែលជាលក្ខណៈពិសេសរបស់ឧបករណ៍ថ្ម នៃវប្បធម៌ហាវប៊ីញៀន។ វត្ថុទាំងអស់នេះ ភាគច្រើនត្រូវបានរកឃើញ ក្នុងជម្រៅដីចាប់ពី ២៥សង់ទីម៉ែត្ររហូតដល់ ១,២០ម៉ែត្រ។

លុះក្រោយមក មនុស្សមួយក្រុមផ្សេងទៀត ដែលជាក្រុមរស់នៅក្នុងបរិបទនៃសម័យកាលមួយថ្មី គេហៅជាទូទៅថា “សម័យថ្មរំលីង ឬនវសិលា”។ មនុស្សរស់នៅក្នុងសម័យកាលនេះ គឺជាសង្គមមនុស្សចេះធ្វើកសិកម្ម និងផ្សាំសត្វ តែក៏មិនបោះបង់ទម្លាប់បរបាញ់ និងប្រមូលអនុផលព្រៃឈើដែរ។ ពួកគេមិនរស់នៅក្នុងល្អាងភ្នំដូចក្រុមមុនៗឡើយ ហើយក៏មិនមែនធ្វើពនេចរដូចក្រុមមុនដែរ។ មនុស្សនៅក្នុងសម័យថ្មរំលីង រស់នៅតាមទីទំនាបក្បែរមាត់ទឹក មានផ្ទះនិងភូមិករអចិន្រ្តៃយ៍ ចេះ ផលិតកុលាលភាជន៍ និងប្រើប្រាស់ពូថៅថ្មរំលីង និងឧបករណ៍ផ្សេងៗទៀត។ ករណីនៅល្អាងស្ពាន មនុស្សនៅក្នុងសម័យថ្មរំលីង បានយកល្អាងភ្នំធ្វើជាទីបញ្ចុះសព ព្រោះក្រុមស្រាវជ្រាវ បានរកឃើញផ្នូរសពចំនួនប្រាំមួយ ដែលផ្នូរនីមួយៗ សុទ្ធតែមានវត្ថុប្រើប្រាស់កប់ជាមួយ ដូចជាកុលាលភាជន៍ ពូថៅថ្ម និងផ្នូរខ្លះទៀតមានគ្រឿងអលង្ការទៀតផង។ ផ្នូរទាំងប្រាំមួយ ដែលបានរកឃើញមានអាយុប្រហាក់ប្រហែលគ្នា គឺចន្លោះពី ៣៣១០ ទៅ ៣៣៥០ឆ្នាំមុន។

សូមជម្រាបថា គម្រោង “បេសកកម្មស្រាវជ្រាវបុរេប្រវត្តិសាស្រ្តកម្ពុជា-បារាំង” នៅល្អាងស្ពាន គឺក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃសាធារណរដ្ឋបារាំង ចាប់ពីឆ្នាំ២០០៩ រហូតដល់សព្វថ្ងៃ។

ក្រុមការងារស្រាវជ្រាវដឹកនាំដោយលោក ហេង សុផាឌី និងលោក Hubert Forestier សាស្រ្តាចារ្យនៃសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ បានធ្វើកំណាយបានចំនួន ១២លើកគិតចាប់តាំងពីឆ្នាំ២០០៩មក៕

អត្ថបទ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កែសម្រួល៖ លាភ

Loading...

ពេញនិយម