Connect with us

ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា លោកស្រី កែ ឡេង សម្រេចចិត្តលាឈប់ពីអាជីពកីឡាប៉េតង់

ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រី ថាមិនអាចទ្រាំទ្រ តទៅមុខទៀតបាន។

យោងតាមគណៈកម្មការជាតិ CAMSOC, លោកស្រី កែ ឡេង បន្ថែមទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។

ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅ ហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការ ហ្វឹកហាត់យូរម៉ោង ក្នុង១ថ្ងៃៗ។

ម្យ៉ាងទៀតលោកស្រី ក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីពកីឡាការិនីប៉េតង់ ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះ អាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។

សូមរំឭកថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ពោលគឺឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិ បានផ្តល់សិទ្ធិឱ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ CAMSOC

កែសម្រួល៖ លាភ

Loading...

ពេញនិយម