Connect with us

គម្រោងកីឡដ្ឋានស្ដង់ដារអន្តរជាតិខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ហើយ ដោយចំណាយ៣លានដុល្លារ

កំពង់ស្ពឺ៖ កីឡដ្ឋានស្ដង់ដារអន្ដរជាតិដំបូង នាក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានដំណើរការសាងសង់ជាផ្លូវការហើយ កាលពីដើមសប្ដាហ៍កន្លងទៅ ដោយគ្រោងចំណាយថវិកាជាង ៣លានដុល្លារអាមេរិក និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២ ដោយអាចផ្ទុកអ្នកទស្សនាបាន ៦ពាន់នាក់។

បន្ទាប់ពីធ្វើពិធីបញ្ចុះបឋមសិលា កាលពីចុងឆ្នាំ២០១៩ ឥឡូវការសាងសង់កីឡដ្ឋាននេះ បានចាប់ផ្ដើមផ្លូវការហើយ ដោយគ្រោងចំណាយពេលសាងសង់ ២ឆ្នាំ ចាប់ពីបច្ចុប្បន្ន រហូតដល់ឆ្នាំ២០២២ ជាមួយគម្រោងចំណាយប្រមាណជាង ៣លានដុល្លារ (វាយតម្លៃដោយក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់)។

សូមជម្រាបថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសាងសង់លើផ្ទៃដីជាង ៤ហិកតា ហើយបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ។ បន្ទាប់មកមានក្រុមហ៊ុនបរទេសចំនួនបី បានចូលដេញថ្លៃសាងសង់ មុនក្រុមការងារត្រួតពិនិត្យគម្រោងនេះ សម្រេចជ្រើសរើសក្រុមហ៊ុនមួយ ដើម្បីធ្វើការជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម