Connect with us

ទឹកប្រាក់ ១លាន ៥សែនដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់គម្រោងស្តារឡើងវិញនូវរចនាសម្ព័ន្ធ រឹងមាំនៃតួកណ្តាល ប្រាសាទបាយ័ន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់មូលនិធិសរុប ១,៥ លានដុល្លារ សម្រាប់ដំណើការអនុវត្តគម្រោងជួសជុល កែលម្អឡើងវិញ នូវប្រាសាទបាយ័នជំហានទី ៥ ដែលផ្ដោតសំខាន់ទៅលើការសិក្សា និងស្ដារឡើងវិញនូវ រចនាសម្ព័ន្ធរឹងមាំ នៃតួកណ្ដាលនៃប្រាសាទបាយ័ន រួមទាំងការអភិរក្សនូវក្បាច់ចម្លាក់នានា ដែលមាននៅក្នុងផ្ទៃនៃប្រាសាទ។


ដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក មន្ត្រីជំនាញផ្នែកកម្មវិធីវប្បធម៌ នៃអង្គការយូណេស្កូ បានអោយដឹងថា តាមរយៈកិច្ចព្រមព្រៀងរវាងអង្គការយូណេស្កូ ប្រចាំទីក្រុងភ្នំពេញ និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បះ គម្រោងជួសជុលកែលម្អឡើងវិញ នូវប្រាសាទបាយ័នជំហានទី ៥ នេះ មានរយៈពេលបីឆ្នាំ (២០១៨-២០២០) ដោយមានការចូលរួមវិភាគទានពីរាជរដ្ឋាភិបាលជប៉ុន នូវទឹកប្រាក់១លានដុល្លារ អាមេរិក និង ៥០ម៉ឺនដុល្លារពីរាជរដ្ឋាភិបាលកម្ពុជា ។


សូមបញ្ជាក់ថា ប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានចំនួន ៩១ ប្រាសាទ បាននិងកំពុងដំណើរការសិក្សាស្រាវជ្រាវ ជួសជុលកែលម្អ និង អភិរក្សឲ្យនៅគង់វង្សយូរអង្វែងច្រើនឆ្នាំទៅមុខទៀត ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ បានដឹងនិងធ្វើការសិក្សាស្រាវជ្រាវស្វែងយល់ពីសំណង់ប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណី និងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យបុព្វកាលដ៏រុងរឿងរបស់កម្ពុជា។


គួររំលឹកថា ប្រទេសជប៉ុន តាមរយៈសាកលវិទ្យាល័យ Waseda បានដើរតួនាទីដ៏សំខាន់ នៅក្នុងការសិក្សាស្រាវជ្រាវ ការពារនិងអភិរក្ស ប្រាសាទបេតិកភណ្ឌពិភពលោក តាមរយៈការរៀបចំសម្របសម្រួលផ្នែករដ្ឋបាលដោយអង្គការយូណេស្កូ បានផ្ដល់ជំនួយជាបន្តបន្ទាប់លើគម្រោងនេះ តាមរយៈមូលនិធិសម្រាប់ការអភិរក្សវប្បធម៌បេតិកភណ្ឌពិភពលោក( Japan Trust Fund for the Conservation of Culture World Heritage)។


គួរបញ្ជាក់ថា នៅក្នុងដំណើរការអនុវត្តគម្រោងជួសជុលកែលម្អ និងស្ដារឡើងវិញ នូវប្រាសាទបាយ័ន ក្នុងជំហានទី៣ ដែលមានរយៈពេល៦ឆ្នាំ(២០០៥-២០១១) និង ជំហានទី ៤ ដែលមាន រយៈពេល ៥ឆ្នាំ (២០១១-២០១៥) ប្រទេសជប៉ុន គឺជាប្រទេស ដែលបានផ្តល់វិភាគទានដ៏សំខាន់ សម្រាប់ដំណើរការគម្រោង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម