Connect with us

ឈ្វេងយល់ពី “ទិវាសិទ្ធកុមារ” ទាំងអស់គ្នា

សង្គម៖ ទិវាសិទ្ធិកុមារអន្តរជាតិបានប្រារព្ធឡើងតាំងពីឆ្នាំ ១៩៥០ ទូទាំងសកលលោកដើម្បីក្រើនរម្លឹកនិងបង្កើនការយកចិត្តទុកដាក់ជាពិសេសដល់កុមារ។ ទិវាសិទ្ធិកុមារប្រារព្ធឡើងដើម្បីរម្លឹកពីការចងចាំនូវឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃមួយរបស់ពួកហ្វាស៊ីសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៤២ ដែលបានសម្លាប់ប្រជាជនក្នុងភូមិ លីឌីស៊ែ កសិដ្ឋាន អូរ៉ាក នៃសាធារណរដ្ឋឆែក ចំនួន ១៩២ នាក់ដែលក្នុងនោះមានកុមារចំនួន ១០៥ នាក់ត្រូវបានសម្លាប់។

រយៈពេល ៣ ឆ្នាំក្រោយមក (ឆ្នាំ១៩៤៥) ក្រុមឧក្រិដជន ហ្វាស៊ីស បានអុកឡុកសារជាថ្មីដោយចាប់មនុស្សចំនួន ១១០០ នាក់ដែលក្នុងនោះមានកុមារចំនួន ២០០ នាក់ត្រូវចាក់សាំងដុតទាំងរស់នៅ អូរ៉ាឌូ ប្រទេសបារាំង។ វិនាសកម្មទាំងនេះបានធ្វើឱ្យកងកម្លាំងស្នេហាសន្តិភាព និងមិត្តភាពរវាងប្រជាជាតិគ្រប់ពណ៌សម្បុររួមគ្នាក្រោកឈរឡើងដើម្បីប្រឆាំងទង្វើដ៏សាហាវព្រៃផ្សៃអសន្តិសុខនេះ និងគាំពារកុមារទាំងអស់លើសកលលោក។

នៅឆ្នាំ ១៩៤៥ ដដែល សហព័ន្ធនារីប្រជាធិបតេយ្យពិភពលោកបានបើកសម័យប្រជុំនៅទីក្រុងមូស្គូ ដោយបានមូលមតិគ្នាសម្រេចយកថ្ងៃទី០១ ខែមិថុនា ដើម្បីប្រារព្ធ “ទិវាកុមារអន្តរជាតិ”។ អនុសញ្ញាស្តីពីសិទ្ធិកុមារនេះបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ និងចូលជាធរមាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩០។

ចំណែកឯប្រទេសកម្ពុជាវិញបានចុះហត្ថលេខាចូលជាភាគីសមាជិកនៃអនុសញ្ញាស្តីពី សិទ្ធកុមារ នៅថ្ងៃទី ២២ ខែកញ្ញ ឆ្នាំ១៩៩២ ផងដែរ។ គួរបញ្ជាក់ដែរថា កុមារមានសិទ្ធិដោយមិនមានការរើសអើងអ្វីទាំងអស់ ហើយសិទ្ធិចំនួន ១០ ដែលសំខាន់បំផុតរួមមាន៖
១. សិទ្ធិឱ្យហូបចុក និងស្នាក់អាស្រ័យ
២. សិទ្ធិទទួលបានសុខភាពល្អ
៣. សិទ្ធិកុមារជាជនពិការ ដែលត្រូវទទួលបានការមើលថែព្យាបាល និងទទួលការអប់រំជាពិសេស
៤. សិទ្ធិទៅសាលារៀន
៥. សិទ្ធិលេងកម្សាន្ត ដើរលម្ហែ
៦. សិទ្ធិផ្នែកវប្បធម៌
៧. សិទ្ធិទទួលបានការជួយសង្គ្រោះ
៨. សិទ្ធិទទួលការការពារប្រឆាំង និងការកេងប្រវ័ញ្ចក្នុងវិស័យការងារ
៩. សិទ្ធិទទួលការប្រឆាំងធ្វើបាប ទារុណកម្មសាហាវព្រៃផ្សៃ
១០. សិទ្ធិបញ្ចេញមតិ

ប្រភព៖ បណ្ណាល័យនគរភ្នំ / វិគីភីឌា

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម