Connect with us

ទូតខ្មែរនៅអាមេរិក៖ បាតុកម្មនៅអាមេរិក ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរ នៅឡុងប៊ិច

អាមេរិក៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានការប្រុងប្រយ័ត្ន និងបង្ហាញការសោកស្ដាយចំពោះការខូចខាតធុរៈកិច្ច (Business) និងទ្រព្យសម្បត្តិរបស់បងប្អូនខ្មែរមួយចំនួន នៅទីក្រុងឡុងប៊ិច (Long Beach) ដោយបាតុកម្មហិង្សា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

សេចក្ដីអំពាវនាវរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានធ្វើឡើងបន្ទាប់ពីមានការចែកចាយនូវរូបថតដែលបង្ហាញពីសកម្មភាពរបស់ក្រុមបាតុករ ដែលបានធ្វើការវាយកម្ទេច ដើម្បីចូលលួចក្នុងឱសថស្ថានខ្មែរមួយកន្លែង នៅទីក្រុងឡុងប៊ិច។

សេចក្ដីអំពាវនាវនេះដែរ បានប្រាប់ឱ្យប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងស្នាក់នៅសិក្សា នៅសហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដ៏ដូចជាទ្រព្យសម្បត្តិ ដូចខាងក្រោម៖

-ស្ថិតនៅឱ្យបានឆ្ងាយពីការជួបជុំ ឬប្រមូលផ្ដុំនានា ទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។

-ជៀសវាង និងព្យាយាមកាត់បន្ថយឱ្យបានច្រើនបំផុតការចេញទៅខាងក្រៅ។ ក្នុងករណីចាំបាច់ ត្រូវប្រកាន់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុបណ្ដាលពីបាតុកម្ម។

-គោរពឱ្យបានខ្ជាប់ខ្ជួនតាមបម្រាមគោចរ និងបម្រាមនានារបស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ។

-ក្នុងករណីមានអាសន្ន សូមទាក់ទងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍។

សូមជម្រាបថា បាតុកម្មហិង្សា បានកើតឡើងនៅអាមេរិក បន្ទាប់ពីមន្ត្រីនគរបាលអាមេរិក បានធ្វើឱ្យបុរសស្បែកខ្មៅម្នាក់ស្លាប់ ដោយប្រើជង្គង់សង្កត់កគាត់រហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃចន្ទ សប្ដាហ៍មុន។ ហេតុការណ៍នេះ បានបញ្ឆេះកំហឹងរបស់ពលរដ្ឋអាមេរិក ចំពោះភាពអយុត្តិធម៌របស់ប្រព័ន្ធយុត្តិធម៌នៅអាមេរិក លើជនស្បែកខ្មៅ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម