Connect with us

ចំណាយពេលត្រឹម ២ ម៉ោងពីភ្នំពេញក៏អាចរំសាយភាពនឿយហត់បាននៅតំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់អូរគគី

កំពង់ស្ពឺ៖ តាមបណ្តាយផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះពីគីឡូម៉ែត្រលេខ ១០៦ និង ១០៧ ជិតតំបន់ពេជ្រនិល ពីផ្លូវជាតិបត់ចុះឆ្វេងដៃប្រមាណ ៥០០ គីឡូម៉ែត្រ និងចំណាយពេលដើរថ្មើរជើងប្រមាណ ២០០ ម៉ែត្រប៉ុណ្ណោះ លោកអ្នកនឹងឃើញមានតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ អូរគគី ដែលមានប្រវត្តិរាប់រយឆ្នាំមកហើយ។

ទឹកធ្លាក់ធម្មជាតិដែលស្ថិតនៅក្នុងភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើមឡើយមិនមានអ្នកទេសចរណាហ៊ានទៅកម្សាន្តទីនោះឡើយដោយសារតែសភាពស្ងាត់ច្រងំខ្លាំងពេក ដែលឃើញមានតែកង់ទ័ព កងពលតូច៣១ ឈរការពារសន្តិសុខទីនោះតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋនៅទីនោះបានប្រកបមុខរបរបោចវល្ល៍ ផ្តៅ និងអនុផលព្រៃឈើធ្វើជារបរប្រចាំថ្ងៃ។

រហូតមកដល់ឆ្នាំ ២០១៦ ទើបមានការអភិវឌ្ឍន៍ អភិរក្សធនធានធម្មជាតិនៅទីនោះដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្តទឹកធ្លាក់ធម្មជាតិ អូរគគី ថែមទាំងអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋនៅទីនោះក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតបានទៀតផង។

សម្រស់ទឹកធ្លាក់ បូករួមជាមួយនឹងធម្មជាតិព្រៃភ្នំខៀវស្រងាត់ទាំងនេះអាចធ្វើឱ្យអារម្មណ៍ហត់នឿយទាំងប៉ុន្មានរំសាយអស់គ្មានសល់។ មិនត្រឹមតែជាតំបន់ធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ តែថែមទាំងចំណាយពេលវេលាតិចត្រឹម ២ ម៉ោងប៉ុណ្ណោះពីភ្នំពេញ៕

ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ

កែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម