Connect with us

អាហារទាំង៩ប្រភេទនេះ ជួយឱ្យសុខភាពសួតរឹងម៉ាំ

សួតរបស់យើង គឺមានតួនាទីសំខាន់ក្នុងការជួយឲ្យរាងកាយដំណើរការបានល្អ។ ប៉ុន្តែសួតអាចនឹងស្រូបយកសារធាតុមិនល្អមួយចំនួនពីក្នុងខ្យល់ដែលអាចបង្កើនហានិភ័យបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺត រលាកទងសួត និងជំងឺរលាកសួតជាដើម។

វិធីល្អក្នុងការរក្សារសុខភាពសួតឱ្យបានល្អ គឺហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារដែលមានសុខភាពល្អ។ ដូចនេះដើម្បីពង្រឹងសុខភាពសួត យើងគួរបញ្ចូលអាហារប៉ុន្មានមុខនេះចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ។

១. ផ្លែប៉ោម

អ្នកស្រាវជ្រាវបានឱ្យដឹងពីទំនាក់ទំនងរវាងមុខងារសួតល្អជាមួយនឹងវីតាមីន C វីតាមីន E និងBeta-carotene។ វីតាមីនទាំងនេះ សុទ្ធតែមាននៅក្នុងផ្លែប៉ោម ហើយផ្លែប៉ោមក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់សុខភាពសួតដែរ។

២. គ្រាប់ Walnut

គ្រាប់ Walnut ជាប្រភពដ៏ល្អសម្រាប់អាស៊ីតខ្លាញ់អូមេហ្គា៣។ ការញ៉ាំគ្រាប់ធញ្ញជាតិនេះអាចជួយប្រឆាំងជំងឺហឺត និងបញ្ហាផ្លូវដង្ហើមផ្សេងទៀត។ អ្នកស្រាវជ្រាវជឿថាអាស៊ីតខ្លាញ់អូមេហ្គា៣ជាសារធាតុប្រឆាំងការរលាកដែលមានប្រសិទ្ធភាពក្នុងការការពារជំងឺរលាក។

៣. ផ្លែប្លូប៊ឺរី (blueberry)

ផ្លែប្លូប៊ឺរី អាចជួយដល់សុខភាពសួតរបស់យើង ព្រោះផ្លែនេះសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C ដែលជួយប្រឆាំងនឹងកោសិកាខូចខាតបណ្ដាលមកពីពពួករ៉ាឌីកាល់សេរី។

៤. ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវសម្បូរដោយវីតាមីន C carotenoids folate និងphytochemicalsដែលជួយប្រឆាំងនឹងការខូចខាតនៅក្នុងសួត។ ផ្កាខាត់ណាខៀវ ក៏មានសារធាតុ L-sulforaphane ដែលជួយភ្ញោចកោសិកាក្នុងផលិតហ្សែនប្រឆាំងនឹងការរលាក ដើម្បីចៀសវាងបញ្ហាផ្លូវដង្ហើមផ្សេងៗ។

៥. ម្ទេស

សារធាតុ capsaicin នៅក្នុងម្ទេសជួយជំរុញការផលិត និងការពារភ្នាសសើមក្នុងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ និងខាងក្រោមបាន។

៦. ខ្ញី

ខ្ញីមិនត្រឹមតែប្រឆាំងការរលាកទេ នៅអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងសួត។ ខ្ញីក៏ជួយបន្ធូរដល់ការស្ទះផ្លូវដង្ហើម និងជួយឱ្យឈាមរត់ទៅកាន់សួតកាន់តែប្រសើរឡើង និងជួយពង្រឹងសុខភាពសួត។

៧. ខ្ទឹមស

ខ្ទឹមសផ្ទុកសារធាតុ flavonoids ដែលជំរុញដល់ការផលិត glutathione។ Glutathione ជួយពង្រឹងការកម្ចាត់ជាតិពុល និងកម្ចាត់សារធាតុបង្កជំងឺមហារីក ដែលនេះអាចធ្វើឱ្យសួតរបស់យើងដំណើរការកាន់តែប្រសើរឡើង។

៨. ទឹក

ទឹកជាមធ្យោបាយល្អមួយក្នុងការបន្សាបជាតិពុលពីក្នុងរាងកាយ។ បន្ថែមពីនេះទៀត សួតស្ងួតអាចប្រឈមនឹងការរលាក។ ដូចនេះហើយយកល្អគួរផឹកទឹកប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់។

៩. ល្មៀត

ល្មៀតមានសារធាតុប្រឆាំងការរលាកដោយមានផ្ទុកសារធាតុ curcumin។ សារធាតុនេះជួយសម្រាលការរលាកនៅនឹងផ្លូវដង្ហើម និងអាការៈណែនដើមទ្រូងបង្កដោយជំងឺហឺត៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម