Connect with us

Facebook ត្រូវគេចោទថា មិនហ៊ានលុបនិងគាំទ្រការបង្ហោះបង្កហិង្សារបស់លោក ដូណាល់ ត្រាំ

អាមេរិក៖ ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Facebook ត្រូវបានចោទប្រកាន់ចំពោះការគាំទ្រលើសម្ដីដែលញុះញង់ឱ្យមានអំពើហិង្សាលើបាតុករនៅអាមេរិក ក្នុងការបង្ហោះលើ Post របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍របស់ក្រុមសិទ្ធិមនុស្ស បានធ្វើឡើង បន្ទាប់ពីពួកគេ បានឆ្លើយឆ្លងជាមួយលោក Mark Zuckerberg ស្ថាបនិក Facebook និងជានាយកប្រតិបត្តិ។ លោក Mark Zuckerberg មិនបានលុបចោលនូវការបង្ហោះរបស់លោក ដូណាល់ ត្រាំ ដែលគ្រោងប្រើប្រាស់កម្លាំងបង្ក្រាបទៅលើបាតុកម្មចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ដែលបង្កដោយប៉ូលិសស្បែកសនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបណ្ដាញសង្គម Twitter បានលុបចោលនូវការបង្ហោះរបស់លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន សម្រាប់រឿងរ៉ាវស្រដៀងគ្នានេះ ដែលបង្កឱ្យមានការទាស់ទែងគ្នាជាមួយប្រធានាធិបតីអាមេរិក។

ទាក់ទងនឹងការមិនព្រមលុបចោលនូវការបង្ហោះដោយលោក ដូណាល់ ត្រាំនេះ វាបានធ្វើឱ្យបុគ្គលិករបស់ក្រុមហ៊ុន Facebook ជាច្រើន បានដើរចេញពីកន្លែងធ្វើការ ដើម្បីបង្ហាញពីការមិនពេញចិត្តនឹងការសម្រេចចិត្តរបស់លោក Mark Zuckerberg ។ ការបង្ហោះលើ Post ក្នុង Facebook មួយ បានទទួលការរិះគន់ ដោយលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបញ្ជូន កម្លាំងឆ្មាំអាមេរិក ដើម្បីបង្ក្រាបបាតុករ និងព្រមានថា បើមានការលួចរបស់របរពីទីតាំងលក់ទំនិញផ្សេងៗ លោកនឹងបញ្ជាឱ្យគេបាញ់ទៅលើអ្នកលួចទាំងនោះ។

លោក Mark Zuckerberg បានការពារនូវការសម្រេចចិត្តរបស់ខ្លួនថា លោកមិនយល់ស្របនឹងការបង្ហោះរបស់លោកដូណាល់ ត្រាំ ទេ ប៉ុន្តែមនុស្សម្នា គួរតែមើលវាដោយខ្លួនឯង។ ចំណែក អ្នកនាំពាក្យ Facebook បានលើកឡើងថា ក្រុមហ៊ុន រីករាយក្នុងការទទួលយកមតិរិះគន់ដើម្បីស្ថាបនា សម្រាប់ Mark និង Sheryl Sanberg ដែលជានាយកគ្រប់គ្រងប្រតិបត្តិការរបស់ Facebook ។

ក្រោយរឿងរ៉ាវចម្រូងចម្រាសនេះ ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកសុខភាពតាមអនឡាញ TalkSpace បានសម្រេចចិត្តដកខ្លួនពីកិច្ចព្រមព្រៀងនៃភាពជាដៃគូ ជាមួយ Facebook ។ ការដកខ្លួនពីកិច្ចព្រមព្រៀងនេះ ធ្វើឱ្យ Facebook ខាតបង់ប្រាក់រាប់សែនដុល្លារអាមេរិក៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម