Connect with us

ថៃ ពិចារណាលើថ្ងៃឈប់សម្រាក ៩ថ្ងៃ នៅពិធីបុណ្យចូលឆ្នាំថ្មី ដែលគ្រោងប្រារព្ធនៅខែកក្កដា

ថៃ៖ ពិធីបុណ្យចូលឆ្នាំ នៅក្នុងប្រទេសថៃ នឹងអាចត្រូវរៀបចំឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ បន្ទាប់ពីផ្អាករៀបចំកាលពីខែមេសាកន្លងទៅ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មការរដ្ឋបាលសម្រាប់ស្ថានភាពនៃជំងឺកូវីដ១៩ លោក Taweesilp Visanuyothin បានលើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

លោក Taweesilp Visanuyothin បានបន្តថា បើតួលេខឆ្លង និងស្លាប់នៃជំងឺកូវីដ១៩ មិនមានកើនឡើងទេនោះ រាជរដ្ឋាភិបាលថៃ នឹងពិចារណាលើថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យសង្ក្រាន្ត។ ដោយឡែក លោក Ittipol Khunpluem រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំនៅក្នុងប្រទេសថៃ អាចនឹងប្រព្រឹត្តសងវិញ នៅដើមខែកក្កដា ឬ ចុងខែកក្កដា។ លោកលើកឡើងដូច្នេះថា ក្រសួងបានស្នើទៅកាន់គណៈកម្មការរដ្ឋបាលសម្រាប់ស្ថានភាពនៃជំងឺកូវីដ១៩ ពីការជ្រើសរើសថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយមានជម្រើសចំនួនពីរ គឺទីមួយ ថ្ងៃទី៤-៧ ខែកក្កដា និង ទីពីរ សប្ដាហ៍ចុងក្រោយនៃខែកក្កដា ពោលគឺឈប់ជាប់ថ្ងៃទី២៨ កក្កដា ដែលជាពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រថៃ។

លោក Ittipol Khunpluem បានបន្តថា សម្រាប់ជម្រើសទី១ គឺអាចផ្ដល់ការឈប់សម្រាកចំនួនដល់ទៅ ៩ថ្ងៃ គឺ ថ្ងៃសៅរ៍ដល់អង្គារ ទី៤-៧កក្កដា, រួចបន្ថែមថ្ងៃឈប់សម្រាក ៣ថ្ងៃទៀត ពីពុធ-សុក្រ និងបូកនឹងថ្ងៃចុងសប្ដាហ៍ សៅរ៍-អាទិត្យ៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម