Connect with us

កុមារាអាយុ៩ឆ្នាំ ច្នៃប្រឌិតជាឧបករណ៍លាងសម្អាតដៃ, ទទួលបានពានរង្វាន់ថ្នាក់កំពូល

កេនយ៉ា៖ កុមារា អាយុ ៩ឆ្នាំម្នាក់ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតសារព័ត៌មានដ៏ធំ BBC បានចុះទៅសម្ភាសដោយផ្ទាល់ បន្ទាប់ពីកុមារារូបនេះ បានច្នៃប្រឌិតជាឧបករណ៍លាងសម្អាតដៃ ដើម្បីជួយទប់ស្កាត់នូវការចម្លងវីរុសកូវីដ១៩។

កុមារា Stephen Wamukota បាននិយាយថា ឥឡូវគេផលិតឧបករណ៍លាងសម្អាតដៃបានចំនួន ពីរគ្រឿង ហើយក៏មានបំណងផលិតឱ្យបានច្រើនថែមទៀតដែរ។ ម៉ាស៊ីននេះ អាចឱ្យអ្នកប្រើប្រាស់ ផ្ទីងធុងទឹកដើម្បីចាក់លាងដៃ ដោយប្រើជើងជាន់លើឈ្នាន់ ដើម្បីជៀសវាងការយកដៃទៅប៉ះ ដែលអាចចម្លងវីរុសបានយ៉ាងងាយ។ កុមារា Stephen បានប្រាប់ថា គេបានសិក្សាពីវិធីបង្កើតឧបករណ៍នេះ តាមកញ្ចក់ទូរទស្សន៍។

Stephen និងក្រុមគ្រួសាររបស់គេ រស់នៅភូមិ Mukwa ខេត្ត Bungoma ភាគខាងលិចប្រទេសកេនយ៉ា ដែលភូមិរបស់គេមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩នោះទេ។ យ៉ាងណាមិញ នៅទូទាំងប្រទេសកេនយ៉ា គេបានរកឃើញអ្នកឆ្លងជាង ២០០០នាក់ និង ស្លាប់ ៦៩នាក់ ដោយសារជំងឺកូវីដ១៩។

ការច្នៃបង្កើតឧបករណ៍លាងសម្អាតដៃនេះ ជាគំនិតរបស់ Stephen ទាំងស្រុង ខណៈឪពុករបស់គេ គ្រាន់តែជួយតភ្ជាប់តួ ដែលធ្វើពីឈើ។ សម្រាប់ឪពុករបស់ Stephen គាត់មានមុខរបរជាជាងជួសជុលគ្រឿងអេឡិចត្រូនិក។ គាត់បានប្រាប់ថា កូនរបស់គាត់ តែងតែចង់សិក្សាពីចំណេះដឹងដែលគាត់មាន។

ការច្នៃប្រឌិតឧបករណ៍លាងសម្អាតដៃនេះ ជួយឱ្យកុមារា Stephen ទទួលបានពានរង្វាន់ Presidential Order of Service របស់ប្រទេសកេនយ៉ា សម្រាប់ការចូលរួមជួយដល់សង្គម កាលពីថ្ងៃចន្ទកន្លងទៅ។ កុមារាដដែល បានបង្ហើបថា នៅពេលធំឡើង គេចង់ក្លាយជាវិស្វករ ហើយអភិបាលខេត្តរបស់គេ បានសន្យានឹង Stephen ថា នឹងផ្ដល់អាហារូបករណ៍ដល់គេផងដែរ៕

(ទស្សនាវីដេអូ)

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម