Connect with us

ADB ព្យាករណ៍ថា កម្ពុជាបន្តរក្សាកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអត្រា ៧ភាគរយ សម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងឆ្នាំ២០១៨ ជាមួយនឹងការរំពឹងទុកថា ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកនឹងមានលទ្ធផលល្អប្រសើរ។ ក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានឱ្យដឹងថា ក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេសរបស់ខ្លួនដែលមានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០១៨ ADB ព្យាករណ៍ថា ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយប្រទេសឧស្សាហកម្មធំៗមានភាពរឹងមាំកម្រិតមធ្យម។


លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើនឡើង ក្នុងល្បឿនដ៏រឹងមាំ ដោយសារតែមានការជំរុញពីកំណើនការនាំចេញដ៏រឹងមាំ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ តម្រូវការក្នុងស្រុកមានសន្ទុះខ្លាំងក្លា និងការពង្រីកគោលនយោបាយសារពើពន្ធ។ ប៉ុន្តែ កំណើនប្រាក់ឈ្នួលដ៏ឆាប់រហ័ស ដោយពុំមានកំណើនផលិតភាព អាចបង្កឱ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសដទៃទៀត ដែលបន្តពឹងអាស្រ័យលើកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប។


ការនាំចេញទំនិញ កើនឡើង ១៣,៣ភាគរយ ហើយការនាំចូលទំនិញ កើនឡើង ២៥,៧ភាគរយ ដោយសារតម្រូវការ ក្នុងស្រុកខ្ពស់ក្នុងឆមាសទីមួយ នៃឆ្នាំ ២០១៨។
ឱនភាពគណនីចរន្ត ដោយមិនរាប់បញ្ចូល ជំនួយឥតសំណងពីបរទេស ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១២,១ភាគរយ នៃ ផ.ស.ស(GDP) នៅឆ្នាំនេះ ពោលគឺកើនពី ១០,៩ភាគរយ ក្នុងឆ្នាំ ២០១៧ ប៉ុន្តែគេរំពឹងថា ឱនភាពនេះ នឹងថយចុះមកវិញ នៅឆ្នាំក្រោយ។


សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា បើទោះជាកំណើនសេដ្ឋកិច្ចមានភាពរឹងមាំក៏ដោយ អត្រាអតិផរណាបានថមថយមកវិញ ដោយគិតជាមធ្យមស្ថិតក្នុងកម្រិត ២,៤ភាគរយ នៅក្នុងរយៈពេល ៦ខែដំបូង ក្នុងឆ្នាំ២០១៨ គឺថយចុះពី ៣,៤ភាគរយ រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែកំណើនក្នុងកម្រិតទាបនៃតម្លៃស្បៀងអាហារ។
មានការព្យាករណ៍ថា អត្រាអតិផរណាគិតជាមធ្យម នឹងមានកម្រិត ២,៦ភាគរយ នៅឆ្នាំនេះ ហើយនឹងកើនឡើងដល់ប្រមាណ ៣ភាគរយ នៅឆ្នាំក្រោយ។

ការកើនឡើងនៃចំណាយរបស់រដ្ឋាភិបាល ដោយសារការបង្កើនការវិនិយោគ សាធារណៈ និងបៀវត្សរ៍សម្រាប់វិស័យសាធារណៈ ក៏បានជួយរុញច្រានកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៨ផងដែរ។ ចំណូលក្នុងរយៈពេល ប្រំាមួយខែដំបូង ក្នុងឆ្នាំ ២០១៨ ស្មើនឹង ៥៣,៣ភាគរយ នៃផែនការថវិកា សម្រាប់ឆ្នាំនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម