Connect with us

គ្រាន់តែតំបន់សមុទ្រនៅប្រទេសថៃ បើកឱ្យទៅកម្សាន្តឡើងវិញ អ្នកទេសចរយ៉ាងហោចណាស់ ៥០០០ នាក់នាំគ្នាសម្រុកទៅភ្លូកទឹកភ្លូកដី

ប្រទេសថៃ៖ ប្រទេសថៃ បានអនុញ្ញាតឱ្យបើកដំណើរតំបន់កម្សាន្តក៏ដូចជាអាជីវកម្មបណ្តើរៗឡើងវិញ ក្រោយច្បាប់ស្នាក់នៅដាច់ដោយឡែករយៈពេល ២ ខែបានកន្លងផុតទៅ ដោយសារវីរុសកូវីដ-១៩។ ក្រោយអាជីវកម្ម និងតំបន់ទេសចរណ៍ បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ប្រជាជនថៃបាននាំគ្នាសម្រុកទៅកម្សាន្តនៅតំបន់មាត់សមុទ្រល្បីៗក្នុងថ្ងៃឈប់សម្រាកបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រីយានី កាលពីថ្ងៃពុធ ម្សិលមិញនេះ។

សមុទ្រ បាងសែន ក្នុងខេត្ត ឈុនបូរី ប្រទេសថៃ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារអ្នកទេសចរនាំគ្នាសម្រុកទៅកម្សាន្តប្រមាណជាង ៥០០០ នាក់នៅមាត់សមុទ្រ និងជាច្រើននាក់ទៀតកំពុងជាប់គាំងចរាចរណ៍។ ផ្លូវធ្វើដំណើរចំនួន ៣ ផ្លូវដែលមានគំនូសចំណតរថយន្តដល់ទៅ ៤ ខ្សែពោរពេញទៅដោយរថយន្តចតណែនណាន់តាន់តាប់គ្មានសល់ចន្លោះ។

ទោះបីជាការបើកដំណើរកម្សាន្តឡើងវិញមែនពិត ក៏ទាំងអស់គ្នានៅតែត្រូវរក្សាគម្លាត និងពាក់ម៉ាសការពារដដែល ម៉្យាងទៀតភ្ញៀវទេសចរទាំងអស់ដាច់ខាត ត្រូវចាកចេញពីកន្លែងកម្សាន្តត្រឹមម៉ោង ១១ យប់។ គួរបញ្ជាក់ដែរថា ខេត្ត ឈុនបូរី ត្រូវបានរាយការណ៍មកថាមិនមានការឆ្លងវីរុសកូវីដ-១៩ រយៈពេល ៤០ ថ្ងៃមកហើយ ទោះជាយ៉ាងណា ដោយសារកំណើននៃអ្នកទេសចរបានទៅកម្សាន្តច្រើនពេកធ្វើឱ្យមន្ត្រីក្នុងស្រុកមានការបារម្ភពីការកើតឡើងនៃការកើតឡើងនៃវីរុសកូវីដ-១៩។

ក្រៅពីតំបន់ឆ្នេរសមុទ្រក្នុង បាងសែន បានបើកដំណើរហើយនោះ សមុទ្រ ហួហ៊ីន និង កោះឆាង ដែលជាកន្លែងល្បីៗក៏បានបើកដំណើរការ និងមានអាជីវករលក់ដូរតាមធម្មតាវិញដើម្បីចាំស្វាគមន៍អ្នកទេសចរ៕

ប្រភព៖ Bangkokpost

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម