Connect with us

កម្ពុជា កំពុងរៀបចំដាក់ទីក្រុងកំពតក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក

ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមជាមួយស្ថាប័នពាក់ព័ន្ធកំពុងត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងការកសាងឯកសារបឋមនៃទីក្រុងកំពត ដើម្បីចុះក្នុងបញ្ជី «ទីក្រុងបេតិកភណ្ឌពិភពលោក» ដើម្បីថែរក្សាសំណង់បេតិកភណ្ឌខេត្តនេះឱ្យបានគង់វង្ស និងអភិវឌ្ឍន៍ វិស័យទេសចរណ៍ ឱ្យមានភាពទាក់ទាញ។


ថ្លែងនៅក្នុងកិច្ចប្រជុំមួយដែលរៀបចំឡើងនៅខេត្តកំពតកាលពីម្សិលមិញនេះ ឯកឧត្តម កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍បានឱ្យដឹងថា ទីក្រុងកំពតគឺជាទីក្រុងដែលអង្គការ UNESCO ប្រចាំកម្ពុជាសហការជាមួយក្រសួងវប្បធម៌កំពុងសិក្សា និងមានបំណងដាក់ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក ដែលនេះជាសញ្ញាថ្មីមួយទៀត សម្រាប់គោលនយោបាយអភិវឌ្ឍន៍ វិស័យទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងបញ្ជ្រាបការយល់ដឹង អំពីការដាក់ទីក្រុងក្នុងបញ្ជី បេតិភណ្ឌជាអត្ថប្រយោជន៍ និងការស្ទង់មតិអំពីការត្រៀមលក្ខណៈ ដើម្បីចុះទីក្រុងកំពតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។


ឯកឧត្តមបានបញ្ជាក់ទៀតថា នេះជាលើកទី១ ក្នុងការចងក្រងរៀបចំជាបញ្ជីបេតិកភណ្ឌ ដើម្បីស្នើសុំទៅអង្គការ UNESCO ក្នុងការចុះបញ្ជីពិភពលោក ព្រោះប្រទេសជុំវិញកម្ពុជា គេបានរៀប ចំ ដូចគ្នានេះអស់ហើយដែរ ដូចជា ឡាវ វៀតណាម និងថៃជាដើម។ ឯកឧត្តមបន្តថា ក្នុងនាមក្រសួងទេសចរណ៍ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាបានរំពឹងទុកថា គឺអាចស្នើសុំពីអង្គការ UNESCO ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានសម្រាប់ខេត្តកំពតព្រោះថា បើគិតពីប្រវត្តិសាស្ត្រអាយុកាលរាប់រយពាន់ឆ្នាំ ប្រទេសជាតិយើងមានអាយុកាលជាយូរលង់មកហើយមុនគេនៅអាស៊ីនេះ។


ជាមួយគ្នានេះឯកឧត្តមក៏បានស្នើសុំដល់អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ត្រូវសហការរួមគ្នាថែរក្សាអភិរក្ស សំណង់បេតិកភណ្ឌទាំងអស់នោះឱ្យបានគង់វង្ស ពិសេសយើងទាំងអស់គ្នាចូលរួមសំអាតអនាម័យ បរិស្ថានលើកម្ពស់សោភ័ណភាពទីក្រុង បង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនស្របតាមចក្ខុវិស័យ ការព្យាករណ៍ នៅឆ្នាំ ២០២០កម្ពុជា នឹងមានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៧លាននាក់ ជាមួយចំណូលជាង ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់ និងដោយប្រយោលរាប់លាននាក់ថែមទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម