Connect with us

និស្សិតនិងសិក្ខាកាមកម្ពុជា ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅបន្តការសិក្សានៅប្រទេសវៀតណាមវិញ

វៀតណាម៖ បន្ទាប់ពីផ្អាកការសិក្សាដោយសារតែវិបត្តិជំងឺកូវីដ១៩ ដែលបានរាតត្បាតនៅក្នុងប្រទេសវៀតណាមនាពេលកន្លងមក និស្សិតអាហារូបករណ៍ និងសិក្ខាកាមកម្ពុជាទាំងអស់ ជិត ៥០០នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅបន្តការសិក្សាវិញ ដោយអនុញ្ញាតឱ្យចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង)- ម៉ុកបាយ (ខេត្តតៃនិញ) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ដែល MyTV Plus ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ។

សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានឱ្យដឹងទៀតថា ពេលទៅដល់ប្រទេសវៀតណាម និស្សិត និងសិក្ខាកាមយោធា-នគរបាល កម្ពុជាទាំងអស់ នឹងត្រូវដាក់ដោយឡែក ១៤ថ្ងៃ ទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ។ ចំពោះចំណាយផ្សេងៗ នៅពេលដាច់ដោយឡែក១៤ថ្ងៃ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម បានលើកលែងការចំណាយទាំងស្រុង ឬបញ្ចុះការចំណាយមួយផ្នែក៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម