Connect with us

ខ្លា១ក្បាល ដែលឆ្មក់ចូលស៊ីមនុស្ស៣នាក់ និងសត្វពាហនៈ លែងបានស្គាល់ព្រៃឈើទៀតហើយ

ឥណ្ឌា៖ សត្វខ្លា១ក្បាល ដែលបានស៊ីមនុស្ស ៣នាក់ និងសត្វគោក្របី របស់ប្រជាជន ត្រូវបានមន្ត្រីអភិរក្សសត្វព្រៃ សម្រេចចាប់យកទៅដាក់ក្នុងទ្រុងអស់មួយជីវិត មិនឱ្យរស់នៅក្នុងព្រៃព្រឹក្សាទៀតឡើយ។

ខ្លាឈ្មោលដែលមានវ័យ៥ឆ្នាំខាងលើ បានធ្វើបម្លាស់ទី ពីភាគខាងលិចមកកាន់ភាគកណ្ដាល ប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៨។ កន្លងមក ក្រុមអភិរក្សសត្វព្រៃ ធ្លាប់ចាប់បានខ្លាឈ្មោលនេះ ប៉ុន្មានដងរួចមកហើយ នៅពេលដែលវា ចូលទៅយាយីនៅក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ និងត្រូវបានបញ្ជូនវាត្រឡប់ទៅក្នុងព្រៃភ្នំវិញ។ ប៉ុន្តែដោយសារវានៅតែបន្តចូលមកលួចវាយប្រហារលើអ្នកស្រុក និងសត្វពាហនៈរបស់ពួកគេ ទើបក្រុមអ្នកអភិរក្សសម្រេចចាប់វា ដាក់ឃុំក្នុងទ្រុងអស់មួយជីវិត។ ខ្លាកំណាចដដែល ត្រូវបានបញ្ជូនទៅកាន់សួនសត្វមួយ នៅក្រុង Bhopal រដ្ឋ Madhya Pradesh កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

សូមជម្រាបថា ចាប់ពីឆ្នាំ២០១៤ ដល់ ២០១៩ មនុស្សជិត ២២៥នាក់ បានស្លាប់ ដោយសារការឆ្មក់វាយប្រហារទៅលើភូមិឋានរបស់អ្នកស្រុក ដោយសត្វខ្លា នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសដែលមានចំនួនសត្វខ្លាច្រើនបំផុតលើលោក ឬ ៧០% នៃចំនួនសត្វខ្លាសរុបនៅទូទាំងពិភពលោក។ គិតត្រឹមឆ្នាំ២០១៨ សត្វខ្លា នៅសល់ ២៩៦៧ក្បាល នៅក្នុងប្រទេសឥណ្ឌា៕

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម