Connect with us

មកដឹងពីចំណុចនេះ ដើម្បីជៀសវាងការបរិហារកេរ្តិ៍អ្នកដទៃលើបណ្ដាញសង្គមដោយមិនដឹងខ្លួន

ភ្នំពេញ៖ បច្ចុប្បន្ន យើងសង្កេតឃើញថា ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ហើយប្រជាពលរដ្ឋមួយចំនួន បានចូលរួមចែករំលែកនូវខ្លឹមសារ ដែលអាចចាត់ទុកជាការបរិហារកេរ្តិ៍អ្នកដទៃ ដោយមិនដឹងខ្លួន។ ថ្ងៃនេះ MyTV Plus សូមធ្វើការលើកយកនូវការបកស្រាយអំពីបទល្មើស “បរិហារកេរ្តិ៍លើបណ្ដាញផ្សព្វផ្សាយសង្គម (Social Media Defamation)” មកចែកជូនប្រិយមិត្តអ្នកអាន បានឈ្វេងយល់ដូចខាងក្រោម។

យោងតាមការបកស្រាយរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ, ការបរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម គឺជាការចុះផ្សាយ ការចែករំលែក ខ្លឹមសារ អត្ថបទ រូបភាព វីដេអូ ប្រឌិតក្នុងចេតនាមួលបង្កាច់ ឬបង្ខូចប្រឆាំងនឹងបុគ្គល ក្រុមហ៊ុន ឬស្ថាប័ន ដោយប្រើប្រាស់មធ្យោបាយ ដូចខាងក្រោម៖

– បណ្តាញទំនាក់ទំនងសង្គម (Facebook, Twitter, Instagram ឬ Youtube ជាដើម)
– បណ្តាញផ្សព្វផ្សាយគេហទំព័រ (គេហទំព័រ វេទិការអេឡិចត្រូនិក ឬ Blog ជាដើម)
– កម្មវិធីផ្ញើសារអេឡិចត្រូនិក (Messenger, WhatsApp, Telegram, Line ឬ WeChat ជាដើម)

ភាគច្រើននៃអ្នកប្រព្រឹត្តិបទល្មើសខាងលើ តែងតែយល់ថា ការចុះផ្សាយ ឬការចែករំលែក ខ្លឹមសារ អត្ថបទ រូបភាព វីដេអូ ដែលបានបរិហារកេរ្តិ៍បុគ្គល ក្រុមហ៊ុន ឬស្ថាប័ន គឺជាសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែពួកគាត់ពុំបានស្វែងយល់អំពីប្រភព និងផ្ទៀងផ្ទាត់សច្ច:ភាពនៃព័ត៌មាន ដែលខ្លួនបានចែករំលែក ឬបង្ហោះនោះឡើយ។ ដូច្នេះដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើស “បរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម (Social Media Defamation)” គឺផ្តើមចេញពីប្រជាពលរដ្ឋគ្រប់រូប ដោយប្រកាន់ខ្ជាប់នូវការចុះផ្សាយ ការបង្ហោះ អត្ថបទ រូបភាព វីដេអូ ដែលមានប្រភពច្បាស់លាស់ មានខ្លឹមសារស្ថាបនា និងប្រកបដោយសេចក្តីថ្លៃថ្នូរ។

យោងតាមក្រមព្រហ្មទណ្ឌនៃកម្ពុជា ក្នុងមាត្រា ៣០៥ ការបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម